ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Lai Ka-ying ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងជាមន្ត្រីប៉ូលិសជាន់ខ្ពស់ ហើយបានក្លាយជាអវកាសយានិកដំបូងគេរបស់ហុងកុង ដោយបានបង្រៀនសិស្សពីស្ថានីយអវកាស Tiangong របស់ប្រទេសចិន អំពីជីវិតក្នុងគន្លងគោចរផែនដី វិទ្យាសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI)។
លោកស្រី Lai មានអាយុ ៤៣ ឆ្នាំ បានចូលរួមជាមួយសហការីក្នុងបេសកកម្ម Shenzhou-23 ជាមួយលោក Zhu Yangzhu និងលោក Zhang Zhiyuan ក្នុងកម្មវិធី “ថ្នាក់រៀន Tiangong” (Tiangong Class) មានរយៈពេល ៩០ នាទីកាលពីព្រឹកថ្ងៃពុធ ហើយកម្មវិធីនេះត្រូវបានផ្សាយទៅកាន់សាលារៀននានាទូទាំងទីក្រុងហុងកុង និងម៉ាកាវ។
ដោយថ្លែងចេញពីស្ថានីយអវកាស លោកស្រីបាននាំសិស្សានុសិស្សទស្សនាទីកន្លែងស្នាក់នៅរបស់អវកាសយានិក និងបានបង្ហាញពីរបៀបដែលសកម្មភាពប្រចាំថ្ងៃប្រែប្រួលក្នុងបរិយាកាសដែលមានទំនាញផែនដីតិចតួចបំផុត ។
ក្រុមអវកាសយានិកបានបង្ហាញពីសួនបន្លែតូចមួយនៅលើស្ថានីយ Tiangong ដោយលោក Zhu បានស្រោចទឹកដំណាំ និងបរិភោគសាឡាដដែលដាំដុះក្នុងទីអវកាស។ ចំណែកលោកស្រី Lai បានបង្ហាញនំខេកខ្នាតតូចមួយដែលបានដុតនំនៅលើស្ថានីយនោះ និងបានច្របាច់កន្សែងដើម្បីបង្ហាញពីរបៀបដែលទឹកមានប្រតិកម្មក្នុងបរិយាកាសដែលមានទំនាញផែនដីតិចតួចបំផុត។
លោកស្រី Lai បានលើកឡើងថា ស្ថានីយអវកាស Tiangong បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យា AI និងមនុស្សយន្តរួចហើយ ដោយមនុស្សយន្តទាំងនោះអាចកត់ត្រាការងាររបស់ក្រុមអវកាសយានិក និងធ្វើដំណើរឆ្លងកាត់បំពង់ខ្យល់តូចចង្អៀតបាន។ លោកស្រីបានបន្ថែមថា ប្រព័ន្ធ AI កាន់តែទំនើបអាចនឹងជួយសម្រួលដល់អវកាសយានិកក្នុងការអនុវត្តបេសកកម្មរបស់ពួកគេនៅពេលអនាគត៕
