បច្ចេកវិទ្យា

អតីតគូស្នេហ៍ Elon Musk អះអាងថា នាងបដិសេធសំណើ NDA តម្លៃ ៤០លានដុល្លារ

សហរដ្ឋអាមេរិក៖ Ashley St. Clair អតីតគូស្នេហ៍ របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk និងជាម្តាយ របស់កូនប្រុសម្នាក់ របស់លោក បានអះអាងថា នាងបានបដិសេធ ការផ្តល់ប្រាក់ប្រមាណ ៤០ លានដុល្លារ ជាថ្នូរនឹងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរក្សាការសម្ងាត់ (NDA) ដែលនឹងរារាំងនាងមិនឱ្យនិយាយជាសាធារណៈអំពី Musk នេះបើយោងតាមសារព័ត៌មាន ENews ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុង មហោស្រពភាពយន្តទីក្រុង Venice លោកស្រី St. Clair បាននិយាយថា ការផ្តល់ប្រាក់ចំនួននេះ បានធ្វើឱ្យនាងគិតពិចារណាអំពីតម្លៃ នៃសិទ្ធិនិយាយ និងមូលហេតុដែលមានការផ្តល់ប្រាក់ដ៏ច្រើន ដើម្បីឱ្យនាងរក្សាភាពស្ងៀមស្ងាត់ ។

តាមការលើកឡើងរបស់នាង កិច្ចព្រមព្រៀង ដែលត្រូវបានពិភាក្សា រួមមានប្រាក់ ១៥ លានដុល្លារជាប្រាក់ដំបូង និង ១០០,០០០ ដុល្លារក្នុងមួយខែ អស់រយៈពេលជាច្រើនឆ្នាំ ជាថ្នូរនឹងការមិននិយាយ ឬរិះគន់ Musk ព្រមទាំងមិនបង្ហាញព័ត៌មានពាក់ព័ន្ធនឹងបុគ្គលិក និងអ្នកពាក់ព័ន្ធរបស់លោក។

St. Clair បានបញ្ជាក់ថា នាងសម្រេចចិត្តមិនចុះហត្ថលេខា ព្រោះចង់ធ្វើជាគំរូដល់កូនៗរបស់នាង ដោយចាត់ទុកការនិយាយការពិត និងគោលការណ៍ផ្ទាល់ខ្លួនថា មានតម្លៃជាងភាពសុខស្រួលផ្នែកហិរញ្ញវត្ថុ។

ការអះអាងនេះកើតឡើងក្នុងពេលដែល St. Clair បានចូលរួមក្នុងភាពយន្តឯកសារ «Musk» របស់អ្នកដឹកនាំ Alex Gibney ដែលផ្តោតលើជីវិត អាជីវកម្ម និងឥទ្ធិពលរបស់ Elon Musk។ ភាពយន្តនេះបានបញ្ចាំងជាលើកដំបូង នៅមហោស្រពភាពយន្ត Venice ហើយគ្រោងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៦។

Musk មិនទាន់បញ្ចេញការឆ្លើយតប ជាសាធារណៈដោយផ្ទាល់ ចំពោះការអះអាងអំពី NDA នេះទេ ខណៈលោកបានរិះគន់ ភាពយន្តឯកសារនេះថា ជាស្នាដៃដែលមានភាពលំអៀង និងមានបំណង វាយប្រហារលើលោក។

ប្រែសម្រួល៖ គីរី

Most Popular

To Top