បច្ចេកវិទ្យា

Apple បង្ហាញ iPhone បត់បានជាលើកដំបូង ឈ្មោះ «Duo» ដែលមានរូបរាងដូចលិខិតឆ្លងដែន

កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសបង្ហាញទូរស័ព្ទ iPhone បត់បានជាលើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា iPhone Duo ដោយចាត់ទុកថា ជាការផ្លាស់ប្តូរដ៏ធំបំផុត មួយរបស់ផលិតផល iPhone ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

iPhone Duo មានទំហំ និងរូបរាងប្រហាក់ប្រហែល លិខិតឆ្លងដែន ជាមួយគែមមូល។ នៅពេលបិទ វាមានអេក្រង់តូចមួយនៅផ្នែកខាងមុខ ប៉ុន្តែនៅពេលបើក វាអាចពង្រីកទៅជាអេក្រង់ធំទូលាយ ដែលអាចប្រើបានទាំងបញ្ឈរ និងផ្ដេក។ Apple ក៏បានអះអាងថា នៅពេលបើក Duo គឺជាទូរស័ព្ទដែលមានតួស្តើងបំផុតរបស់ក្រុមហ៊ុន។

តាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia បានអោយដឹងថា ការបង្ហាញ iPhone បត់បាននេះ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ John Ternus ដែលទើបកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ Apple ជំនួសលោក Tim Cook។ វាត្រូវបានចាត់ទុកថា ជាការរចនាឡើងវិញដ៏ធំបំផុតរបស់ iPhone ចាប់តាំងពី Apple បានដកប៊ូតុង Home ចេញពី iPhone X ក្នុងឆ្នាំ២០១៧។

លោក Ternus បានលើកឡើងថា iPhone កំពុងត្រូវបានអភិវឌ្ឍទៅជាមជ្ឈមណ្ឌល AI ផ្ទាល់ខ្លួន ដោយផ្តោតសំខាន់លើ ភាពឯកជនរបស់អ្នកប្រើប្រាស់។ លោកបានបញ្ជាក់ថា Apple Intelligence នឹងដំណើរការនៅលើឧបករណ៍ដោយផ្ទាល់ នៅពេលដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការផ្ញើទិន្នន័យផ្ទាល់ខ្លួនទៅកាន់ប្រព័ន្ធខាងក្រៅ។

Apple ក៏បានបង្ហាញ Siri ជំនាន់ថ្មី ដែលត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យអាចធ្វើការជាមួយកម្មវិធីប្រមាណ ៣០០,០០០ កម្មវិធី នៅពេលចាប់ផ្តើមដំណើរការ។ ក្រៅពី iPhone Duo ក្រុមហ៊ុនក៏បានបង្ហាញ iPhone 18 Pro និង iPhone 18 Pro Max ដែលនៅតែប្រើរចនាបថទូរស័ព្ទធម្មតា មិនអាចបត់បាន។ តម្លៃចាប់ផ្តើមនៅសហរដ្ឋអាមេរិកគឺ ១,១៩៩ ដុល្លារ សម្រាប់ iPhone 18 Pro និង ១,២៩៩ ដុល្លារ សម្រាប់ iPhone 18 Pro Max។

សម្រាប់ទីផ្សារសិង្ហបុរី iPhone Duo ទំហំផ្ទុក 256GB មានតម្លៃចាប់ពី ៣,០៩៩ ដុល្លារសិង្ហបុរី ខណៈម៉ូដែលទំហំ 2TB មានតម្លៃ ៤,៨៩៩ ដុល្លារសិង្ហបុរី។ ផ្តោតលើ AI និងការផ្ទៀងផ្ទាត់រូបភាពApple ក៏បានណែនាំបច្ចេកវិទ្យាថ្មីមួយឈ្មោះ Apple Reference Image ដើម្បីជួយបញ្ជាក់ភាពត្រឹមត្រូវនៃរូបភាពដែលថតដោយកាមេរ៉ារបស់ iPhone 18 Pro នៅពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីរូបភាពដែលបង្កើត ឬកែច្នៃដោយ AI។

ក្រុមហ៊ុនក៏នឹងគាំទ្រស្តង់ដារ SynthID ដែលមានគោលបំណងជួយកំណត់អត្តសញ្ញាណរូបភាពដែលត្រូវបានបង្កើត ឬកែសម្រួលដោយ AI។ ទោះជាយ៉ាងណា មុខងារ Apple Reference Image នឹងមិនមានផ្តល់ជូននៅក្នុងសហភាពអឺរ៉ុប និងប្រទេសចិនឡើយ។ iPhone 18 Pro ក៏នឹងប្រើបន្ទះឈីប A20 Pro ដែល Apple អះអាងថា មានការកែលម្អសមត្ថភាពសម្រាប់ដំណើរការម៉ូដែល AI កម្រិតខ្ពស់ដោយផ្ទាល់នៅលើ iPhone តម្លៃខ្ពស់ និងការប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទបត់បាន ការចូលទៅក្នុងទីផ្សារទូរស័ព្ទបត់បានរបស់ Apple កើតឡើងក្រោយក្រុមហ៊ុនដូចជា Samsung និង Huawei បានចូលទីផ្សារនេះតាំងពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា ទូរស័ព្ទបត់បាននៅតែជាផលិតផលដែលមានអ្នកប្រើប្រាស់ជាចម្បងក្នុងចំណោមអ្នកចូលចិត្តបច្ចេកវិទ្យា។
អ្នកវិភាគរំពឹងថា iPhone Duo អាចមានតម្លៃលើស ២,០០០ ដុល្លារអាមេរិក ប៉ុន្តែទោះបីមានតម្លៃខ្ពស់ក៏ដោយ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ International Data Corporation (IDC) រំពឹងថា Apple អាចលក់ iPhone បត់បានបានអស់តាមចំនួនដែលផលិត និងអាចកាន់កាប់ប្រមាណ ៤០% នៃទីផ្សារទូរស័ព្ទបត់បាន នៅចុងឆ្នាំក្រោយ។

ការបង្ហាញផលិតផលថ្មីនេះ ក៏អាចបង្ហាញពីការផ្លាស់ប្តូរនៃយុទ្ធសាស្ត្រចេញផលិតផលប្រចាំឆ្នាំរបស់ Apple ដោយក្រុមហ៊ុនអាចពន្យារការធ្វើបច្ចុប្បន្នភាព iPhone តម្លៃសមរម្យមួយចំនួន រហូតដល់រដូវផ្ការីកឆ្នាំក្រោយ ហើយផ្តោតសំខាន់លើ iPhone Duo, iPhone Pro និង Pro Max។

ក្រៅពី iPhone Apple ក៏បានបង្ហាញ AirPods ជំនាន់ថ្មី ដែលមានតម្លៃចាប់ពី ១២៩ ដុល្លារ និងមានមុខងារកាត់បន្ថយសំឡេងរំខាន ព្រមទាំងម៉ូដែលតម្លៃ ១៤៩ ដុល្លារ ដែលបន្ថែមមុខងារសាកថ្មឥតខ្សែ និងការគ្រប់គ្រងសំឡេងតាមដងកាស។
Apple ក៏បានណែនាំ Apple Watch Series 12 និង Apple Watch Ultra 4 ដោយផ្តោតលើមុខងារសុខភាព និងការតាមដានចង្វាក់បេះដូងដែលមានភាពត្រឹមត្រូវខ្ពស់ជាងមុន។

ប្រែសម្រួល៖ គីរី

Most Popular

To Top