ហែលស៊ីនគី” ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សារព័ត៌មានReutera បានផ្សាយថា ក្រុមហ៊ុន Google របស់ Alphabet គ្រោងវិនិយោគយ៉ាងហោចណាស់ ១៣ ពាន់លានអឺរ៉ូ (ប្រមាណ ១៥.១ ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធបញ្ញា សិប្បនិម្មិត (AI) នៅប្រទេសហ្វាំងឡង់ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រុមហ៊ុនបានចាត់ទុកនេះថា ជា ការវិនិយោគដ៏ធំបំផុតរបស់ខ្លួននៅអឺរ៉ុប រួមទាំងកិច្ចព្រមព្រៀងសំខាន់មួយ សម្រាប់ការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរ។
Google បានប្រកាសកាលពីថ្ងៃពុធថា ផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI នឹងរួមបញ្ចូលការអភិវឌ្ឍ មជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន៣ នៅភាគខាងជើងប្រទេសហ្វាំងឡង់។ តំបន់នេះមានអាកាសធាតុត្រជាក់ខ្លាំង ដោយសីតុណ្ហភាពនៅរដូវរងាអាចធ្លាក់ចុះក្រោម -១០ អង្សាសេ។
ហ្វាំងឡង់ក្លាយជាទីតាំងទាក់ទាញ សម្រាប់ Data Centre
កិច្ចព្រមព្រៀងនេះបង្ហាញពីការជំរុញ ការវិនិយោគរបស់ Google នៅអឺរ៉ុប ខណៈបណ្តាប្រទេសតំបន់ Nordic មានអត្ថប្រយោជន៍ពី អាកាសធាតុត្រជាក់ និងប្រព័ន្ធបណ្តាញអគ្គិសនីមានស្ថិរភាព។
មជ្ឈមណ្ឌលទិន្នន័យត្រូវការថាមពល និងទឹកក្នុងបរិមាណដ៏ច្រើន ដើម្បីដំណើរការ និងធ្វើឱ្យម៉ាស៊ីនមេកុំព្យូទ័រត្រជាក់។ ដូច្នេះ អាកាសធាតុត្រជាក់នៅតំបន់ Nordic អាចជួយកាត់បន្ថយ តម្រូវការប្រើប្រាស់ប្រព័ន្ធត្រជាក់ និងធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យមានប្រសិទ្ធភាពខ្ពស់ជាងមុន ។
ក្នុងឆ្នាំ២០២៦ Alphabet ក៏បានបង្កើនផែនការវិនិយោគសកល របស់ខ្លួនដល់ចន្លោះ ១៩៥ ពាន់លានដុល្លារ និង ២០៥ ពាន់លានដុល្លារ ខណៈក្រុមហ៊ុនព្យាយាមឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់សមត្ថភាពគណនា AI។ថាមពលនុយក្លេអ៊ែរ ជាចំណុចទាក់ទាញសំខាន់
ថាមពលនុយក្លេអ៊ែរ ដែលអាចផ្គត់ផ្គង់ អគ្គិសនីក្នុងបរិមាណច្រើន និងមានការបញ្ចេញកាបូនទាប គឺជាចំណុចទាក់ទាញមួយរបស់ហ្វាំងឡង់។
ក្រុមហ៊ុនធំៗផ្សេងទៀត ដូចជា Microsoft និង ByteDance ដែលជាម្ចាស់ TikTok ក៏កំពុងស្វែងរកទីតាំងសម្រាប់សាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសនេះ ដើម្បីគ្រប់គ្រងថ្លៃថាមពល និងសម្រេចបាននូវគោលដៅអាកាសធាតុរបស់ពួកគេ។
Google និងក្រុមហ៊ុនថាមពលហ្វាំងឡង់ Fortum ក៏នឹងសិក្សារួមគ្នាអំពីលទ្ធភាពអភិវឌ្ឍ គម្រោងថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញថ្មីៗ នៅក្នុងប្រទេសហ្វាំងឡង់។
បន្ទាប់ពីព័ត៌មាននេះត្រូវបានប្រកាស ភាគហ៊ុនរបស់ Fortum បានកើនឡើង ១៥.៥% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំកន្លះ ដែលធ្វើឱ្យ Fortum ក្លាយជាក្រុមហ៊ុនដែលមានការកើនឡើងខ្លាំងបំផុតក្នុងទីផ្សារភាគហ៊ុនអឺរ៉ុបនៅពេលនោះ។
ការវិនិយោគរបស់ Google នៅហ្វាំងឡង់ គឺជាផ្នែកមួយនៃការពង្រីកសមត្ថភាព AI ជាសកលរបស់ក្រុមហ៊ុន។ ការរួមបញ្ចូលគ្នារវាង អាកាសធាតុត្រជាក់ ថាមពលនុយក្លេអ៊ែរដែលមានកាបូនទាប និងបណ្តាញអគ្គិសនីមានស្ថិរភាព កំពុងធ្វើឱ្យហ្វាំងឡង់ក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI ដែលត្រូវការថាមពលយ៉ាងច្រើន។
ប្រែសម្រួល៖ គីរី
