រដ្ឋ Maharashtra ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នៅចុងខែសីហា គ្រួសារមួយនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា បាននាំទារិកាដែលទើបនឹងកើតម្នាក់ត្រឡប់ទៅផ្ទះវិញ ដោយជិះរទេះសេះតុបតែងយ៉ាងស្រស់ស្អាតដោយផ្កា ដើម្បីអបអរសាទរការទទួលបានកូនស្រីដំបូងរបស់ពួកគេក្នុងរយៈពេលប្រហែល ២០០ ឆ្នាំមកនេះ។
ទីភ្នាក់ងារព័ត៌មាន Indo-Asian News Service បានរាយការណ៍ថា គ្រួសារ Dahiphale រស់នៅតំបន់ Parli ក្នុងស្រុក Beed បានរៀបចំក្បួនដង្ហែសម្រាប់ទារិកាឈ្មោះ Gargi បន្ទាប់ពីនាង និងម្តាយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។ នាងត្រូវបានគេចាត់ទុកថា ជាកូនស្រីដំបូងគេដែលកើតក្នុងគ្រួសារនេះអស់រយៈពេល ៤ ជំនាន់មកហើយ។
សមាមាត្រភេទរបស់កុមារក្នុងស្រុក Beed (គណនាជាចំនួនកុមារីធៀបនឹងកុមារា ១.០០០ នាក់មានអាយុពី ០ ទៅ ៦ ឆ្នាំ) បានធ្លាក់ចុះពី ៨៩៤ នាក់ក្នុងជំរឿនឆ្នាំ ២០០១ មកនៅត្រឹមប្រហែល ៨០០ នាក់នៅមួយទសវត្សរ៍ក្រោយមក នេះគឺជាការធ្លាក់ចុះខ្លាំងបំផុតក្នុងចំណោមស្រុកទាំងអស់នៅរដ្ឋ Maharashtra។
កាសែត Free Press Journal បានរាយការណ៍ថា ទារិកានេះគឺជាកូនរបស់លោកស្រី Kalpana Dahiphale ដែលជាភរិយារបស់លោក Rishikesh Dahiphale ហើយទាំងម្តាយ និងកូនត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅ ២ ថ្ងៃបន្ទាប់ពីការសម្រាល។
ពួកគេត្រូវបាននាំទៅកាន់ផ្ទះគ្រួសារនៅតំបន់ Indiranagar ជាកន្លែងដែលសាច់ញាតិ និងអ្នកជិតខាងបានស្វាគមន៍ពួកគេដោយការវាយស្គរ ការលេងឈិងឆាប ការដុតកាំជ្រួច និងការចែកជូននំ “jalebi” ជានំផ្អែមមួយប្រភេទតែងតែត្រូវបានគេចែកជូននៅពេលមានទារិកាកើតមក។
លោក Limbaji Dahiphale ដែលជាជីតារបស់ទារិកា និងជានាយកសាលាបឋមសិក្សា Bhagwan ក្នុងតំបន់ Parli បានបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន IANS ថា វាគឺជាសំណាងដ៏ធំធេងមួយដែលមានកូនស្រីក្នុងគ្រួសារ ហើយការសោកស្តាយដោយស្ងៀមស្ងាត់អស់រយៈពេលជាច្រើនឆ្នាំចំពោះការខ្វះខាតកូនស្រីនោះ បានបញ្ចប់ទៅហើយ។
យោងតាមការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារថា ថ្មីៗបំផុត អត្រាភេទនៅពេលកើតរបស់ប្រទេសឥណ្ឌា គឺមានក្មេងស្រី ៩២៩ នាក់ ធៀបនឹងក្មេងប្រុស ១.០០០ នាក់ ហើយយោងតាមរបាយការណ៍ឆ្នាំ ២០២៣ របស់ប្រព័ន្ធចុះបញ្ជីគំរូ មានក្មេងស្រី ៩៣៣ នាក់។ តួលេខទាំង២នេះស្ថិតនៅក្រោមជួរធម្មជាតិមានកម្រិតពី ៩៥០ ទៅ ៩៧០។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ ២០២៥ របស់ UNFPA ថា ប្រទេសឥណ្ឌានៅតែជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនប្រជាជនប៉ាន់ស្មានប្រហែល ១,៤៦ ពាន់លាននាក់។ អត្រានៃការមានកូនសរុបរបស់ប្រទេសនេះបានធ្លាក់ចុះមកនៅត្រឹម ១,៩ នាក់ក្នុងស្ត្រីម្នាក់ ជាកម្រិតទាបជាងកម្រិតជំនួស ចំនួន ២,១ នាក់៕
