កីឡា

ក្រុមបាល់បោះកាតា ទទួលបានជ័យជម្នះ ៩ ថ្ងៃមុនពិធីបើកការប្រកួត Asian Games ជាផ្លូវការនៅជប៉ុន

តូក្យូ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាអាស៊ី (Asian Games ) បានចាប់ផ្តើមនៅប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមកីឡាករបាល់បោះកាតាបានយកឈ្នះលើក្រុមអ៊ីរ៉ង់ នេះគឺជាការប្រកួតដំបូងគេក្នុង ព្រឹត្តិការណ៍កីឡាចម្រុះដ៏ធំប្រចាំទ្វីប ដែលមានអ្នកចូលរួមច្រើនជាង ព្រឹត្តិការណ៍កីឡាអូឡាំពិកទៅទៀត។

គេរំពឹងថា អត្តពលិក និងមន្ត្រីជាង ១៧,០០០នាក់នឹងចូលរួមលើកីឡាចំនួន ៤៣ ប្រភេទក្នុងព្រឹត្តិការណ៍កីឡា Nagoya-Aichi នេះ ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៤ ខែតុលា ប៉ុន្តែពិធីបើកការប្រកួតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកញ្ញា។ ការប្រកួតមួយចំនួនដូចជា បាល់បោះ បាល់ទាត់ គ្រីឃីត ហុកគី និងកីឡាពហុវិញ្ញាសា និងចាប់ផ្តើមមុនពិធីបើកការប្រកួត។

ក្រុមកាតាបានទប់ទល់នឹងការវាយបករបស់ក្រុមអ៊ីរ៉ង់ ដើម្បីទទួលបានជ័យជម្នះក្នុងលទ្ធផល ៥៩-៣៥ សម្រាប់ការប្រកួតក្នុងពូល B នៅកីឡដ្ឋាន Aichi International Arena ទីក្រុង Nagoya។ នេះគឺជាការប្រកួតដំបូងនៃវិញ្ញាសាបាល់បោះបុរស នឹងមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយនៅថ្ងៃទី ២០ ខែកញ្ញា ពោលគឺមួយថ្ងៃបន្ទាប់ពីពិធីបើកការប្រកួត។

លោក Michael Lewis ជាកីឡាករកាតាកើតនៅអាមេរិក និងជាអ្នករកពិន្ទុបានច្រើនជាងគេក្នុងការប្រកួតនេះ (២១ពិន្ទុ) បាននិយាយថា យើងដឹងថា យើងត្រូវតែឈ្នះយ៉ាងហោចណាស់មួយប្រកួត ដើម្បីអាចឡើងទៅកាន់វគ្គបន្ទាប់បាន។ វាពិតជាល្អណាស់ដែលទទួលបានមកវិញនូវស្មារតីសាមគ្គីភាពក្នុងក្រុម ហើយយើងត្រូវបន្តដំណើរទៅមុខទៀត។

នៅពេលបន្ទាប់មកទៀតក្នុងពូល B ក្រុមតៃវ៉ាន់បានយកឈ្នះលើក្រុមហ្ស៊កដានីក្នុងលទ្ធផល ៨៣-៨០។

ការប្រកួតកីឡាអាស៊ីនេះ ក៏ជាឱកាសសម្រាប់ដណ្តើមយកកៅអីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក Los Angeles ឆ្នាំ ២០២៨ ផងដែរសម្រាប់កីឡាជាច្រើនប្រភេទ។ ព្រឹត្តិការណ៍នេះវិលត្រឡប់មកធ្វើនៅប្រទេសជប៉ុនវិញជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៤ មក។

គណៈកម្មការរៀបចំការប្រកួតសង្ឃឹមថា អត្តពលិកនឹងទទួលបាន បទពិសោធន៍ដ៏ពិសេស តាមរយៈការស្នាក់នៅក្នុងកន្លែងផ្សេងៗគ្នា ចាប់ពីកប៉ាល់ទេសចរណ៍ និងកុងតឺន័រឈើ រហូតដល់បន្ទប់សណ្ឋាគារស្តង់ដារ។ មន្ត្រីនានាមានទំនុកចិត្តថា ផែនការនេះនឹងមិនរងផលប៉ះពាល់ដោយសាររដូវកាលព្យុះទីហ្វុងរបស់ជប៉ុននោះទេ ដែលជាធម្មតាព្យុះកើតឡើងខ្លាំងបំផុតនៅចន្លោះខែកញ្ញា និងខែតុលា។

ទោះជាយ៉ាងណាក៏ដោយ អាកាសធាតុបាន បង្កការរំខានរួចទៅហើយ ដោយសារភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់មានកាលពីថ្ងៃអង្គារ បានបង្ខំឱ្យអត្តពលិករាប់រយនាក់ជម្លៀសខ្លួនចេញពីកន្លែងស្នាក់នៅជាបណ្តោះអាសន្ន។ ទឹកភ្លៀងក៏បានលេចធ្លាយចូលទៅក្នុងទីកន្លែងប្រកួតមួយចំនួនផងដែរ ហើយការព្យាករណ៍អាកាសធាតុបង្ហាញថា នឹងមានភ្លៀងធ្លាក់បន្តទៀត៕

Most Popular

To Top