ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារតាមដានអាកាសធាតុ EU ៖ កម្ដៅសកលបានកើនឡើង ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១០០,០០០ ឆ្នាំចុងក្រោយនេះ

EU ៖យោងតាមសេវាកម្ម Copernicus ស្ដីពីការប្រែប្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) បាននិយាយថា កម្ដៅសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាននៅខែសីហា ដោយសីតុណ្ហភាពជាមធ្យមទូទាំង ពិភពលោកមានកម្រិត ១៦,៩៦ អង្សាសេ ខណៈតំបន់អឺរ៉ុបខាងលិចបានជួបប្រទះរដូវក្តៅដែលក្ដៅបំផុតមិនធ្លាប់មាន ដោយសារតំបន់នេះរងការវាយលុកពីការកើនឡើងកម្ដៅខ្លាំង គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។

ទីភ្នាក់ងារ Copernicus បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពក្នុងខែសីហា ឆ្នាំ២០២៦ ខ្ពស់ជាងកម្រិតមធ្យមនៃឆ្នាំ ១៨៥០-១៩០០ ចំនួន ១,៦៥ អង្សាសេ ដែលជាអំឡុងពេលត្រូវបានគេប្រើជាទូទៅសម្រាប់ប្រៀបធៀបសីតុណ្ហភាពមុនពេលមានការឡើងកម្ដៅផែនដីបណ្តាលមកពីឧស្សាហកម្មទ្រង់ទ្រាយធំ។ នេះគឺជាខែសីហាដែលក្ដៅបំផុតក្នុងកំណត់ត្រាដែលចាប់ផ្តើមតាំងពីឆ្នាំ ១៩៤០ មក ហើយវាស្ទើរតែស្មើនឹងខែកក្កដា ឆ្នាំ២០២៣ ជាខែដែលមានសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយមានភាពខុសគ្នាតិចជាង ០,០១ អង្សាសេប៉ុណ្ណោះ។

លោកស្រី Samantha Burgess មកពីមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការការព្យាករណ៍អាកាសធាតុរយៈពេលមធ្យម (ជាស្ថាប័នត្រួតពិនិត្យ Copernicus បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្សជាតិមិនធ្លាប់ជួបប្រទះសីតុណ្ហភាពក្ដៅដូចសព្វថ្ងៃនេះទេ ក្នុងរយៈពេលយ៉ាងហោចណាស់ ១០០,០០០ ឆ្នាំចុងក្រោយនេះ។ កំណត់ត្រារបស់ Copernicus ចាប់ផ្តើមតាំងពីឆ្នាំ ១៩៤០ មក។ អ្នកវិទ្យាសាស្ត្រប្រើប្រាស់ភស្តុតាងនានា រួមមានស្នូលទឹកកកស្រទាប់ប្រចាំឆ្នាំរបស់ដើមឈើ និងផ្កាថ្ម ដើម្បីស្វែងយល់ពីសីតុណ្ហភាពក្នុងអតីតកាលដ៏យូរលង់។

កំណត់ត្រានេះបានកើតឡើង បន្ទាប់ពីរដូវក្តៅដ៏ក្តៅខ្លាំងមិនធ្លាប់មាននៅទូទាំងតំបន់អឺរ៉ុបខាងលិច។ ប្រទេសបារាំង ចក្រភពអង់គ្លេស និងបែលហ្ស៊ិក សុទ្ធតែបានកត់ត្រានូវរដូវក្តៅមានសីតុណ្ហភាពខ្ពស់បំផុតរបស់ពួកគេ។ ប្រទេសបារាំងបានជួបប្រទះនឹងរលកកម្ដៅរយៈពេល ៥៣ ថ្ងៃ និងមានកម្រិតទឹកភ្លៀងតិចជាងកម្រិតធម្មតាជិត ៤០ភាគរយធ្វើឲ្យវាក្លាយជារដូវក្តៅដែលមានភាពស្ងួតហួតហែងខ្លាំងបំផុតទី២របស់ប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៥៩ មក។

យោងតាមទីភ្នាក់ងារសុខភាពសាធារណៈរបស់បារាំងថា កម្ដៅដ៏ខ្លាំងក្លានេះក៏បានបង្កឲ្យមានការកើនឡើងយ៉ាងគំហុកនៃអត្រាមរណភាព ។ ប្រទេសនេះបានកត់ត្រាការស្លាប់លើសពីកម្រិតធម្មតាចំនួន ៥.៧៦៤ នាក់ នៅពេលមានរលកកម្ដៅចាប់ពីថ្ងៃទី ១៧ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា តួលេខនេះខ្ពស់ជាងកម្រិតរំពឹងទុកចំនួន ៣៦ភាគរយក្នុងតំបន់រងផលប៉ះពាល់។ លើសពីនេះ មានការកត់ត្រាការស្លាប់លើសពីកម្រិតធម្មតាចំនួន ១.២៤៣ នាក់បន្ថែមទៀត ក្នុងអំឡុងពេលមានរលកកម្ដៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ២២ ខែកក្កដា។

ការរួមផ្សំគ្នារវាងសីតុណ្ហភាពដ៏ក្តៅគគុក និងកង្វះទឹកភ្លៀង បានជះឥទ្ធិពលអវិជ្ជមានដល់ដំណាំកសិកម្ម និងវិស័យដឹកជញ្ជូន។ ទិន្នផលធញ្ញជាតិរបស់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះប្រមាណ ៧,៣ភាគរយ បើធៀបនឹងឆ្នាំមុន ដោយអាជ្ញាធរបានចង្អុលបង្ហាញថា កម្ដៅ និងគ្រោះរាំងស្ងួតគឺជាមូលហេតុចម្បង ខណៈកម្រិតទឹកដែលធ្លាក់ចុះក្នុងទន្លេធំៗ រួមទាំងទន្លេ Rhine បានបង្កការរំខានដល់ការដឹកជញ្ជូនតាមផ្លូវទឹក៕

Most Popular

To Top