កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបភាពផ្សព្វផ្សាយថ្មីមួយរបស់តារាចម្រៀងនាងRosé សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានរងការចំអកយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងថា រូបភាពនោះត្រូវបានកែសម្រួលខ្លាំងពេក។
ថ្មីៗនេះ មានការប្រកាសថា នាង Rosé នឹងសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple រួមទាំងការសហការ សម្រាប់វីដេអូចម្រៀងថ្មីបំផុត របស់នាងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ រូបថតមួយសន្លឹករបស់តារាស្រីរូបនេះសម្រាប់ក្រុមហ៊ុន Apple បានបង្កឲ្យមានការចំអក និងការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែវាជារូបភាពដែលបង្ហាញនាងថតជាមួយទូរស័ព្ទ iPhone។
បញ្ហានេះបានបង្កឲ្យមានការងឿងឆ្ងល់ និងការចំអកយ៉ាងខ្លាំង បន្ទាប់ពីអ្នកលេងអ៊ីនធើណេត ជឿជាក់ថា ទូរសព្ទ iPhone នោះត្រូវបានគេកាត់តបញ្ចូល ទៅក្នុងរូបភាព ខណៈអ្នកខ្លះឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុនមិនផ្ញើទូរសព្ទទៅឲ្យ Rosé ដើម្បីថតរូបពិតប្រាកដតែម្តងទៅ៕
