បច្ចេកវិទ្យា

ក្រុមហ៊ុន Meta ពិភាក្សាជាមួយកូរ៉េខាងត្បូង ជុំវិញការកំណត់ពេលប្រើប្រាស់បណ្តាញសង្គមរបស់កុមារ

ស៊េអ៊ូល៖ តាមការចេញផ្សាយពីសារព័ត៌មាន kyodo នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ នេះថា​ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងជជែកពិភាក្សាជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីដាក់ចេញវិធានការការពារកុមារ និងយុវជនពីហានិភ័យលើបណ្តាញអ៊ីនធឺណិត។

នៅក្នុងកិច្ចពិភាក្សាតុមូលមួយក្នុងក្រុងស៊េអ៊ូល លោក Philip Chua តំណាងក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងពីវិធានការសំខាន់ៗ ដូចជាការកម្រិតពេលវេលាប្រើប្រាស់ Facebook និង Instagram ត្រឹម ២ម៉ោងក្នុងមួយថ្ងៃ (ឬអាចកាត់បន្ថយមកត្រឹម ១ម៉ោង) និងការរឹតបន្តឹងការចូលប្រើប្រាស់នៅពេលយប់ជ្រៅ។ លោកបានគូសបញ្ជាក់ថា Meta បានដាក់ឱ្យប្រើប្រាស់គណនីសុវត្ថិភាពសម្រាប់យុវវ័យ (Teen Accounts) នៅកូរ៉េខាងត្បូងរួចរាល់ហើយ ប៉ុន្តែការការពារប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចសហការ និងស្តង់ដាររួមមួយពីគ្រប់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់។

ទោះជាយ៉ាងណា តំណាងរូបនេះបានសម្តែងការមិនគាំទ្រចំពោះការហាមឃាត់ជារួមទាំងស្រុងនោះទេ ដោយលោកយល់ថា វិធានការរឹតបន្តឹងគួរតែបើកផ្លូវឱ្យអាណាព្យាបាលមានសិទ្ធិចូលរួមគ្រប់គ្រង និងអន្តរាគមន៍បាន។ បច្ចុប្បន្ន ប្រទេសជាច្រើនដូចជា អូស្ត្រាលី កាណាដា ប្រេស៊ីល និងឥណ្ឌូណេស៊ី បានដាក់ចេញច្បាប់កម្រិតអាយុប្រើប្រាស់បណ្តាញសង្គម ខណៈកូរ៉េខាងត្បូងក៏កំពុងសិក្សាលើចំណាត់ការនេះផងដែរ។

ប្រែសម្រួលៈ គីរី

Most Popular

To Top