ព័ត៌មានអន្តរជាតិ

ដើរលឿន ឬដើរបានច្រើនជំហាន? ការសិក្សាថ្មីរកឃើញថា ទាំងល្បឿន និងចំនួនជំហានសុទ្ធតែជួយបញ្ចុះហានិភ័យនៃការស្លាប់

​បរទេស៖ យោងតាមអត្ថបទពីគេហទំព័រព័ត៌មានសុខភាព Medical News Today ចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០២៦ នេះថា កន្លងមកយើងធ្លាប់តែដឹងថា ការដើរឱ្យបានច្រើនជំហានជារៀងរាល់ថ្ងៃ គឺមានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ។ ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែមានពេលវេលា ឬលទ្ធភាពដើរបានច្រើនរាល់ថ្ងៃនោះទេ។ ពេលនេះ ការសិក្សាថ្មីមួយបានរកឃើញថា ការបង្កើនល្បឿននៃការដើរ អាចមានប្រសិទ្ធភាពស្មើនឹងការបង្កើនចំនួនជំហានដែរ ក្នុងការជួយបញ្ចុះហានិភ័យនៃការស្លាប់ទូទៅ និងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។
​ការសិក្សានេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ British Journal of Sports Medicine ដោយវិភាគលើទិន្នន័យមនុស្សជាង ១សែននាក់ (អាយុពី ៤០ ទៅ ៦៩ឆ្នាំ)។ ​
ដើរតិចតែលឿន មានប្រសិទ្ធភាពដូចដើរច្រើនតែយឺត៖ អ្នកដែលដើរបាន តិចជាង ៥.០០០ ជំហានក្នុងមួយថ្ងៃ តែដើរក្នុងល្បឿនលឿន (ជាង ៨០ ជំហានក្នុងមួយនាទី) មានហានិភ័យនៃការស្លាប់ប្រហាក់ប្រហែលទៅនឹងអ្នកដែលដើរបាន ១០.០០០ ជំហាន តែដើរយឺតៗ។
ចំណុចល្អបំផុត (The Sweet Spot) អ្នកដែលទទួលបានប្រយោជន៍ខ្ពស់បំផុត និងមានហានិភ័យស្លាប់ទាបបំផុត គឺអ្នកដែលដើរបានចន្លោះពី ៧.៥០០ ទៅ ១០.០០០ ជំហានក្នុងមួយថ្ងៃ។

ភាពបត់បែនសម្រាប់សុខភាព សម្រាប់អ្នកដែលមិនអាចដើរបានច្រើនដល់គោលដៅ ១០.០០០ ជំហាន ការបង្កើនល្បឿនដើរ (ដើរញាប់ៗ) គឺជាជម្រើសដ៏ល្អមួយដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដូចគ្នា។
​លោកវេជ្ជបណ្ឌិត Kevin Shah គ្រូពេទ្យឯកទេសបេះដូង បានពន្យល់ថា ការធ្វើចលនាដែលមានអាំងតង់ស៊ីតេខ្លាំងជាងមុន (ដូចជាការដើរលឿន) អាចជួយ ធ្វើឱ្យសម្ពាធឈាមដើរបានល្អប្រសើរ ជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អ បង្កើនប្រសិទ្ធភាពអាំងស៊ុយលីន កាត់បន្ថយហានិភ័យនៃជំងឺមេតាប៉ូលីស និងបេះដូងទូទៅ។
​សាស្ត្រាចារ្យ Emmanuel Stamatakis ដែលជាអ្នកដឹកនាំការសិក្សានេះ បានគូសបញ្ជាក់ថា៖ “រាងកាយឆ្លើយតបទៅនឹងទម្លាប់នៃការធ្វើសកម្មភាពជាប្រចាំ មិនមែនគ្រាន់តែការប្រឹងប្រែងធ្វើតែមួយឆាវនោះទេ។ ភាពខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃរាប់ខែរាប់ឆ្នាំ គឺសំខាន់ជាងការដើរតែម្តងកាល។”

​អ្នកជំនាញក៏បានបន្ថែមថា អ្នកមិនចាំបាច់ត្រូវតែចំណាយពេលរាប់ម៉ោងនៅកន្លែងហាត់ប្រាណនោះទេ។ សកម្មភាពខ្លីៗប្រចាំថ្ងៃដូចជា ជិះកង់ពេលព្រឹក ដើរលេងក្រោយពេលញ៉ាំអាហារល្ងាច ដើរឡើងជណ្តើរ ឬការធ្វើចលនាបន្តិចបន្តួចនៅចន្លោះម៉ោងប្រជុំ សុទ្ធតែរួមចំណែកជួយដល់សុខភាព។ អ្វីដែលសំខាន់បំផុត គឺការផ្លាស់ប្តូរពី “ការមិនធ្វើសកម្មភាពសោះ” មកជា “ការធ្វើសកម្មភាពខ្លះៗ” ហើយរក្សាភាពខ្ជាប់ខ្ជួន។

ប្រែសម្រួល៖ គីរី

Most Popular

To Top