បរទេស៖ ក្របខ័ណ្ឌកំពូល អង់គ្លេស Premier League បានឈានចូលដល់យុគសម័យថ្មីមួយ ដែលតួនាទីជាអ្នកចាត់ការ ទូទៅ កំពុងប្រឈមនឹងអស្ថិរភាព និងសម្ពាធការងារកាន់តែខ្លាំងជាងពេលណាៗទាំងអស់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ជាមួយនឹងការគ្រប់គ្រងក្លិប តាមបែបសាជីវកម្មទំនើប យុគសម័យដែលអ្នកចាត់ការមាន អំណាចក្តោបក្តាប់លើគ្រប់ភារកិច្ចតែម្នាក់ឯង (ចាប់តាំងពីការរៀបចំក្រុម ការស្វែងរកទិញកីឡាករ ការមើលថែទីលាន រហូតដល់ការជ្រើសរើសពណ៌កម្រាលតុក្នុងអាហារដ្ឋាន) ។
ទិន្នន័យជាក់ស្តែងបានបង្ហាញពីភាពរង្គោះរង្គើនៃស្ថិរភាពការងាររបស់អ្នកចាត់ការ ក្នុងចំណោមក្លិបទាំង ២០ មានអ្នកចាត់ការតែ ១ រូបប៉ុណ្ណោះ ដែលបានដឹកនាំក្លិបបច្ចុប្បន្នរបស់ខ្លួនលើសពី ៤ឆ្នាំ។ មានតែ ៩ នាក់ប៉ុណ្ណោះ ដែលមានអាយុកាលការងារចាប់ពី ១ឆ្នាំឡើងទៅ។ ពាក់កណ្តាល (១០នាក់) នៃគ្រូបង្វឹកបច្ចុប្បន្ន កាន់តំណែងមិនទាន់បាន ២០០ថ្ងៃ ស្រួលបួលផង។ (ជាក់ស្តែង លោក Michael Carrick ដែលទើបត្រូវបានតែងតាំងជាអ្នកចាត់ការពេញសិទ្ធិរបស់ក្លិប Manchester United កាលពីចុងខែឧសភា បែរជាមានអាយុកាលការងារយូរជាងគ្រូបង្វឹកពាក់កណ្តាលទៀតនៅក្នុងលីគទៅហើយ)។
នៅពេលដែលក្លិបនានាផ្លាស់ប្តូរចេញពីទម្រង់ “អ្នកចាត់ការជាអ្នកសម្រេចរាល់កិច្ចការទាំងអស់” ពួកគេមិនត្រឹមតែដកហូតការទទួលខុសត្រូវប៉ុណ្ណោះទេ តែថែមទាំងចាត់ទុកអ្នកចាត់ការជាបុគ្គលដែលអាច “បណ្តេញចេញបានយ៉ាងងាយ” ផងដែរ។
តួយ៉ាង កាលពីរដូវកាលមុន មានអ្នកចាត់ការរហូតដល់ ១០ នាក់ត្រូវបានបណ្តេញចេញ ហើយ ៦ នាក់ផ្សេងទៀតបានចាកចេញក្រោយចប់រដូវកាល។
ទោះបីជារដូវកាលថ្មីទើបតែដំណើរការបាន ៤ ប្រកួតក៏ដោយ ក៏តួលេខកន្លងមកបានបញ្ជាក់ច្បាស់ថា នឹងមានអ្នកត្រូវបណ្តេញចេញក្នុងពេលឆាប់ៗនេះ ហើយជាបន្តបន្ទាប់នឹងមានអ្នកបាត់បង់ការងារបន្តកន្ទុយគ្នា។ ការវាយតម្លៃចំណាត់ថ្នាក់នេះ មិនមែនជាការអបអរចំពោះអត្រាគ្មានការងារធ្វើនោះទេ ប៉ុន្តែវាជាការតាមដានស្ថានភាពជាក់ស្តែងរបស់ក្លិបទាំង ២០ ថាតើនរណាមានសុវត្ថិភាពបំផុត ហើយនរណាដែលអាចនឹងត្រូវខ្ទាតចេញពីតំណែង។
ប្រែសម្រួល៖ គីរី
