ព័ត៌មានអន្តរជាតិ

យើងពិតជាអាច “គេងសង” នៅថ្ងៃចុងសប្តាហ៍បានដែរឬទេ? ការពិតពីអ្នកជំនាញដែលអ្នកគួរដឹង

​បរទេស៖ មនុស្សភាគច្រើនដែលរវល់ខ្លាំង ឬគេងមិនបានគ្រប់គ្រាន់នៅថ្ងៃធ្វើការ តែងតែមានទម្លាប់គេងទ្រមក់ ឬ “គេងសង” នៅថ្ងៃចុងសប្តាហ៍ ដើម្បីប៉ះប៉ូវការខ្វះខាតដំណេករបស់ខ្លួន។ ប៉ុន្តែយោងតាមអត្ថបទវិភាគរបស់ BBC Future តើការធ្វើបែបនេះពិតជាមានប្រសិទ្ធភាព និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រដែរឬទេ? ទាំងនេះគឺជាចំណុចសំខាន់ៗដែលអ្នកជំនាញបានរកឃើញ៖

១. ការគេងសងជួយបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ
ការទទួលបានដំណេកបន្ថែម ១ ទៅ ២ ម៉ោងនៅថ្ងៃចុងសប្តាហ៍ អាចជួយកាត់បន្ថយភាពនឿយហត់ ស្តារអារម្មណ៍ និងបង្កើនភាពស្វាហាប់បានមួយគ្រា។ ប៉ុន្តែ វា មិនអាច លុបបំបាត់ផលប៉ះពាល់សុខភាពរយៈពេលវែង ដែលបង្កឡើងដោយការខ្វះដំណេករ៉ាំរ៉ៃពេញមួយសប្តាហ៍នោះទេ។ អ្នកដែលគេងមិនបាន ៧ ទៅ ៩ម៉ោងជាប្រចាំ នៅតែប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺធាត់ ជំងឺសរសៃឈាមបេះដូង និងបញ្ហាមេតាប៉ូលីស ទោះបីជាពួកគេខិតខំគេងសងរហូតដល់ថ្ងៃជ្រេនៅថ្ងៃសៅរ៍-អាទិត្យក៏ដោយ។

​២. ហានិភ័យនៃ “Social Jet Lag” (ការរំខានដល់នាឡិកាជីវសាស្ត្រ)
ការគេងទ្រមក់ក្រោកយឺតខុសពីធម្មតានៅចុងសប្តាហ៍ នឹងធ្វើឱ្យនាឡិកាជីវសាស្ត្ររបស់រាងកាយប្រែប្រួល។ ផលវិបាកគឺ នៅយប់ថ្ងៃអាទិត្យ អ្នកនឹងពិបាកគេងលក់ ហើយនៅព្រឹកថ្ងៃច័ន្ទ អ្នកនឹងមានអារម្មណ៍ថាហត់នឿយ និងស្ពឹកស្រពន់ជាងធម្មតា ដែលស្ថានភាពនេះហៅថា “Social Jet Lag”។ អ្នកជំនាញបានបញ្ជាក់ថា ការគេងលើសកម្រិត (Oversleeping) ក៏អាចផ្តល់ផលអាក្រក់ និងធ្វើឱ្យរាងកាយកកកុញជាតិពុល ដូចទៅនឹងការគេងមិនគ្រប់គ្រាន់ដែរ។

​៣. វិធីសាស្ត្រត្រឹមត្រូវក្នុងការ “គេងសង”
ដើម្បីដោះស្រាយបញ្ហាខ្វះដំណេកដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកជំនាញបានណែនាំនូវវិធីសាស្ត្រដូចខាងក្រោម៖
ចូលគេងឱ្យបានមុនម៉ោង៖ ប្រសិនបើអ្នកចង់គេងសង គួរតែរៀបចំខ្លួនចូលគេងឱ្យបានលឿននៅពេលយប់ ជាជាងការគេងទ្រមក់ក្រោកយឺតនៅពេលព្រឹក។
រក្សាម៉ោងក្រោកពីគេងឱ្យបានទៀងទាត់៖ ព្យាយាមក្រោកពីគេងនៅម៉ោងដដែលៗ ទាំងថ្ងៃធ្វើការ និងថ្ងៃចុងសប្តាហ៍ ដើម្បីឱ្យរាងកាយស៊ាំ និងរក្សាចង្វាក់ដំណេកបានល្អ។
ការគេងថ្ងៃ (Napping) គឺជាជម្រើសល្អ៖ ការគេងថ្ងៃរយៈពេលខ្លីត្រឹម ១៥ ទៅ ៣០ នាទី អាចជួយសម្រួលភាពនឿយហត់បានយ៉ាងប្រសើរ ដោយមិនប៉ះពាល់ដល់ដំណេកនៅពេលយប់ឡើយ។

ការអនុញ្ញាតឱ្យខ្លួនឯងគេងបន្ថែមបន្តិចបន្តួចនៅថ្ងៃចុងសប្តាហ៍គឺជារឿងអាចទទួលយកបាន ប៉ុន្តែវាមិនមែនជា “ថ្នាំទិព្វ” ដើម្បីលុបបំបាត់ការបាត់បង់ដំណេកពេញមួយសប្តាហ៍នោះទេ។ វិធីសាស្ត្រដ៏ល្អបំផុត គឺការរៀបចំកាលវិភាគគេងឱ្យបានទៀងទាត់ និងមានអនាម័យដំណេកល្អ ជារៀងរាល់យប់។

ប្រែសម្រួល៖ គីរី

Most Popular

To Top