ទីក្រុងណាហ្គោយ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា នាវាទេសចរណ៍មួយគ្រឿង ដែលនឹងប្រើប្រាស់ជាកន្លែងស្នាក់នៅ សម្រាប់អត្តពលិកជាច្រើនពាន់នាក់ក្នុងព្រឹត្តិការណ៍ Asian Games បានមកដល់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ខណៈការត្អូញត្អែរអំពីកន្លែងស្នាក់នៅ សម្រាប់ព្រឹត្តិការណ៍កីឡាចម្រុះនេះ កាន់តែមានសភាពខ្លាំងឡើង។
នាវាទេសចរណ៍របស់ប្រទេសអ៊ីតាលី ឈ្មោះ Costa Serena បានចូលចតនៅទីក្រុងណាហ្គោយ៉ា ដែលជាទីកន្លែងរៀបចំការប្រកួត ភាគច្រើននៃព្រឹត្តិការណ៍នេះ រហូតដល់ថ្ងៃទី ៤ ខែតុលា។ អត្តពលិក និងមន្ត្រីប្រមាណ ៤,០០០នាក់ នឹងស្នាក់នៅលើនាវានេះ ដែលមានប្រវែងជិត ៣០០ម៉ែត្រ និងមានបន្ទប់ស្នាក់នៅចំនួន ១,៥០០បន្ទប់។
គេរំពឹងថា នឹងមានអត្តពលិក និងមន្ត្រីជាង ១៧,០០០នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលនឹងបើកជាផ្លូវការនៅថ្ងៃសៅរ៍ ពោលគឺជាចំនួនដ៏ច្រើនជាងព្រឹត្តិការណ៍កីឡាអូឡាំពិកទៅទៀត។ អ្នកចូលរួមក៏នឹងស្នាក់នៅក្នុងផ្ទះតូចៗដែលធ្វើឡើងពីកុងតឺន័រ និងបន្ទប់សណ្ឋាគារធម្មតាផងដែរ ក្នុងគោលបំណងកាត់បន្ថយការចំណាយ។
មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីដើមសប្តាហ៍នេះថា បន្ទប់ស្នាក់នៅបែបកុងតឺន័រទាំងនោះគឺជាកន្លែងស្នាក់នៅដែលអន់បំផុតមិនធ្លាប់មាន ហើយបានអះអាងនៅថ្ងៃអង្គារថា ក្រុមទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែមានការព្រួយបារម្ភដូចៗគ្នា។
លោក Hideaki Omura ប្រធានគណៈកម្មាធិការរៀបចំក្នុងស្រុក បាននិយាយថា កន្លែងស្នាក់នៅបណ្តោះអាសន្នទាំងនេះអាចក្លាយជាគំរូសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាដែលមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ។ លោក Omura បានថ្លែងក្នុងពិធីស្វាគមន៍នាវាទេសចរណ៍មួយបានមកដល់ទីក្រុង Nagoya ថា នេះជាលើកដំបូងហើយក្នុងប្រទេសជប៉ុន ដែលនាវាទេសចរណ៍ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅសម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំមួយ។ យើងមានសេចក្តីរីករាយដែលយើងអាចផ្តល់ជូននូវជម្រើសកន្លែងស្នាក់នៅបែបថ្មីសម្រាប់ព្រឹត្តិការណ៍ទ្រង់ទ្រាយធំបែបនេះ។
លោក Jung Jae-yong អនុប្រធានសមាគមបាល់បោះកូរ៉េ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះបន្ទប់ស្នាក់នៅរបស់ក្រុមបាល់បោះបុរស។ លោកបានលើកឡើងថា គ្រែគេងមានទំហំតូចពេកសម្រាប់កីឡាករ ហើយមានកីឡាករម្នាក់ក្នុងក្រុមបានបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដោយបង្ហាញពីអាងលាងសម្អាតដែលកំពុងលេចធ្លាយទឹក និងផ្ទៃកម្រាលបន្ទប់ដែលជោកដោយទឹក។ គាត់បានសរសេរចំណងជើងភ្ជាប់ជាមួយវីដេអូនោះថា៖ «សូមជួយពួកយើងផង»។
កីឡាកររាប់រយនាក់ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នពីកន្លែងស្នាក់នៅរបស់ពួកគេកាលពីសប្តាហ៍មុន នៅពេលដែលភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានបានវាយប្រហារទីក្រុង Nagoya និងបង្កឱ្យមានទឹកជំនន់៕
