សិង្ហបុរី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសសិង្ហបុរី បានបើកការដេញថ្លៃ តាមប្រព័ន្ធអ៊ីនធើណេតសម្រាប់កាបូបដៃ និងគ្រឿងអលង្ការប្រណីតៗរាប់រយមុខ ត្រូវបានរឹបអូសក្នុងករណីលាងលុយកខ្វក់ដ៏ធំបំផុតរបស់ខ្លួន ដោយចាប់ផ្តើមដេញថ្លៃចំនួន ១៥ លើក ដែលនឹងបន្តរហូតដល់ខែឧសភា ឆ្នាំ ២០២៧។
ការលក់ ២ លើកដំបូង រៀបចំឡើងដោយក្រុមហ៊ុនដេញថ្លៃក្នុងស្រុកឈ្មោះ Hotlotz បានចាប់ផ្តើមនៅថ្ងៃទី ៧ ខែកញ្ញា ដោយមានដាក់លក់កាបូបដៃ និងគ្រឿងបន្លាស់ម៉ូដចំនួន ៣៣៨ មុខ និងគ្រឿងអលង្ការប្រណីតចំនួន ២៨៦ មុខ។ ការដេញថ្លៃនឹងបិទបញ្ចប់នៅថ្ងៃទី ២០ ខែកញ្ញា។
នេះបើយោងតាមសេចក្តីរាយការណ៍របស់ CNN ថា ការលក់ទាំង ២ លើកនេះត្រូវបានគេរំពឹងថានឹងរកចំណូលបានរហូតដល់ ៣,៩ លានដុល្លារសិង្ហបុរី (៣ លានដុល្លារអាមេរិក) សម្រាប់រតនាគាររដ្ឋ ខណៈការលក់ពេញមួយស៊េរីត្រូវបានបែងចែកពេលវេលាដាច់ដោយឡែកពីគ្នា ដើម្បីជៀសវាងការដាក់លក់ទំនិញច្រើនហួសកម្រិតក្នុងពេលតែមួយដែលនឹងជះឥទ្ធិពលដល់ទីផ្សារ ។
នេះបើយោងតាមកាសែត The Straits Times បាននិយាយថា អ្នកដេញថ្លៃដែលបានចុះឈ្មោះ អាចទៅពិនិត្យមើលទំនិញទាំងនោះបាន តាមការណាត់ជួបនៅ Le Freeport ជាឃ្លាំងសុវត្ថិភាពកម្រិតខ្ពស់ ស្ថិតនៅជាប់នឹងអាកាសយានដ្ឋាន Changi ។
លោក Christopher Lanigan-O’Keeffe ជាសហស្ថាបនិកនៃក្រុមហ៊ុន Hotlotz បានប្រាប់ CNN ថា ការដាក់លក់ទំនិញដែលមានបរិមាណ និងគុណភាពកម្រិតនេះក្នុងការដេញថ្លៃតែមួយលើក គឺជាករណីដែលស្ទើរតែមិនធ្លាប់មានពីមុនមក។ លោកជឿជាក់ថា ប្រវត្តិទាក់ទងនឹងបទល្មើសរបស់ទំនិញទាំងនេះ នឹងមិនសូវជះឥទ្ធិពលដល់តម្លៃរបស់ពួកវាឡើយ។
យោងតាមរបាយការណ៍របស់ CNN ថា តម្លៃប៉ាន់ស្មានខ្ពស់បំផុតគឺសម្រាប់ចិញ្ចៀនពេជ្រពណ៌លឿងទំហំ ១៥ ការ៉ាត់ ដែលក្រុមហ៊ុន Hotlotz រំពឹងថានឹងលក់បានក្នុងតម្លៃ រហូតដល់ ៣០០,០០០ ដុល្លារសិង្ហបុរី។ កាបូបរូបផ្លែឈូកម៉ាក Louis Vuitton ជាលទ្ធផលនៃកិច្ចសហការជា មួយសិល្បករជប៉ុនដ៏ល្បីល្បាញបានទទួលមរណភាពទៅហើយនោះ គឺលោកស្រី Yayoi Kusama បានលក់ចេញក្នុងតម្លៃលើសពីការប៉ាន់ស្មាន ដោយទទួលបានការដេញថ្លៃខ្ពស់បំផុតចំនួន ៣៩,០០០ ដុល្លារសិង្ហបុរី គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា។
ចំពោះទំនិញដែលមានតម្លៃទាបវិញ ការប៉ាន់ស្មានតម្លៃរបស់ Hotlotz ចាប់ផ្តើមពី ១២០ ដុល្លារសិង្ហបុរី សម្រាប់គ្រឿងតុបតែងខ្លួនផ្សេងៗ ដូចជាចិញ្ចៀនម៉ាក Miu Miu ឬក្ដីបหนีបសក់ម៉ាក Gucci ជាដើម។
លោក Lanigan-O’Keeffe បាននិយាយថា របស់ដែលមានតម្លៃថ្លៃបំផុត មិនមែនតែងតែជារបស់ដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះទេ៕
