ខេត្តកែប ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោកប្រធាន អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជុំខេត្តកែប នៅសាប្រជុំរដ្ឋបាលខេត្តកែប ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំកិច្ចសហការពីរដ្ឋបាល ខេត្តកែប ដើម្បីញ៉ាំងឲ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម និងបង្កើតចលនាបំផុសស្មារតីកីឡាឲ្យ កាន់តែទូលំទូលាយ កម្មវិធីរត់ភ្លើងគប់ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងភូមិសាស្ត្រខេត្តកែប នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាមោទនភាពសម្រាប់ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងមូល ។
ចំណែកលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប បានផ្តល់កិច្ចសហការដឹកនាំ សម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាង ទាំងលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំទីតាំង កម្លាំង មហាជនចូលរួម និងការផ្សព្វផ្សាយក្នុងកម្មវិធីរត់ភ្លើងគប់ និងដំណើរការប្រកួតកីឡាទ្រីយ៉ាត្លុងដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំង រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡាជាតិ។
ពិធីបើកការប្រកួតជាផ្លូវការ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។ ពិធីបិទនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕




