សិល្បៈ និង កម្សាន្ត

ជីវប្រវត្តិសង្ខេប និងចំណុច គួរឱ្យចាប់អារម្មណ៍ទាំង ៥ របស់ Ines de Ramon មិត្តស្រីតារាសម្តែង Brad Pitt

​បរទេស៖ អ្នកនាង Ines de Ramon បានក្លាយជាឈ្មោះដ៏មានការចាប់អារម្មណ៍ មួយនៅក្នុងចង្កោមអ្នកតាមដានព័ត៌មាន ហូលីវូដ បន្ទាប់ពីនាងបានទាក់ទងគ្នាជាមួយតារាសម្តែងម្ចាស់ពានរង្វាន់អូស្ការ លោក Brad Pitt ចាប់តាំងពីចុងឆ្នាំ ២០២២ មក។ ថ្វីត្បិតតែអ្នកទាំងពីរតែងតែ រក្សាភាពឯកជននៃទំនាក់ទំនងនេះ ប៉ុន្តែថ្មីៗនេះពួកគេហាក់កាន់តែបើក ចំហរក្នុងការបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life។

​ខាងក្រោមនេះជាចំណុចសំខាន់ៗទាំង ៥ ដែលអ្នកគួរដឹងអំពីនាង៖
​១. ការផ្លាស់មករស់នៅជាមួយ លោក Brad Pitt៖
ប្រភពព័ត៌មានបានរាយការណ៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថាអ្នកនាង Ines បានផ្លាស់មករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយលោក Brad Pitt។ នេះគឺជាមិត្តស្រីផ្លូវការដំបូងបង្អស់របស់លោក Brad Pitt បន្ទាប់ពីការលែងលះរបស់លោក ហើយទំនាក់ទំនងរបស់ពួកគេត្រូវបានគេដឹងថាមានភាពធ្ងន់ធ្ងរ។ ថ្មីៗនេះក្នុងខែកញ្ញា ឆ្នាំ២០២៦ អ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមជាសាធារណៈជាបន្តបន្ទាប់ ដូចជានៅក្នុងការប្រកួតកីឡាវាយកូនបាល់ U.S. Open និងក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តរបស់លោកជាដើម។

​២. អតីតភរិយារបស់តារាសម្តែង Paul Wesley៖
មុនពេលចាប់ផ្តើមទំនាក់ទំនងជាមួយ Brad Pitt អ្នកនាង Ines ធ្លាប់បានរៀបការជាមួយតារាសម្តែងក្នុងរឿង The Vampire Diaries លោក Paul Wesley កាលពីខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈពិធីមង្គលការជាសម្ងាត់មួយនៅមាត់សមុទ្រ។ យ៉ាងណាមិញ ចំណងអាពាហ៍ពិពាហ៍នេះត្រូវបានបញ្ចប់ ដោយអ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២ (ដោយបានបែកគ្នាតាំងពី ៥ខែមុនការប្រកាស)។

​៣. ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យគ្រឿងអលង្ការ៖
Ines គឺជាស្ត្រីដែលមានសមត្ថភាពក្នុងមុខជំនួញ ដោយបច្ចុប្បន្ននាងកំពុងកាន់តំណែងជាអនុប្រធាន (Vice President) នៃក្រុមហ៊ុនគ្រឿងអលង្ការ Anita Ko តាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ។ មុនពេលកាន់តំណែងនេះ នាងក៏ធ្លាប់បម្រើការងារនៅក្រុមហ៊ុនគ្រឿងអលង្ការ de Grisogono និងផ្នែកគ្រឿងអលង្ការរបស់ក្រុមហ៊ុនដេញថ្លៃដ៏ល្បីល្បាញ Christie’s ផងដែរ។
​៤. មានសមត្ថភាពនិយាយបាន ៥ ភាសា៖

អ្នកនាង Ines មានសមត្ថភាពអាចនិយាយបានរហូតដល់ទៅ ៥ ភាសាផ្សេងគ្នា រួមមាន៖ ភាសាបារាំង អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីតាលី។ ដោយសារនាងធំដឹងក្តីនៅប្រទេសបារាំង ភាសាបារាំងគឺជាភាសាដែលនាងអាចនិយាយបានស្ទាត់ជំនាញជាងគេបំផុត។

​៥. ការសិក្សានៅប្រទេសស្វីស និងជាគ្រូ បង្វឹកផ្នែកសុខភាព ៖
នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីសាកលវិទ្យាល័យ University of Geneva ក្នុងឆ្នាំ២០១៣ ។ បន្ថែមពីលើជំនាញជំនួញ នាងក៏មានចំណង់ចំណូលចិត្តលើវិស័យ សុខភាពផងដែរ ដោយទទួលបានអាជ្ញាប័ណ្ណជាគ្រូបង្វឹក ផ្នែកសុខភាពនិងអាហារូបត្ថម្ភ (Integrative Nutrition Health Coach) ពីវិទ្យាស្ថាននៅទីក្រុងញូវយ៉ក កាលពីខែមីនា ឆ្នាំ២០១៩។

ប្រែសម្រួល៖ គីរី

Most Popular

To Top