សិល្បៈ និង កម្សាន្ត

YouTuber ដ៏ល្បីល្បាញ MrBeast ឆ្លើយតបនឹងការរិះគន់ ក្រោយចំណាយលុយ ១០លានដុល្លារ សាងសង់ភូមិ នៅប្រទេសហ្គាណា

​បរទេស៖ YouTuber និងជាសប្បុរសជន លោក MrBeast បានចេញមុខតបតទៅនឹងការរិះគន់ បន្ទាប់ពីលោកបានចំណាយ ប្រាក់ជិត ១០លានដុល្លារ ដើម្បីសាងសង់ភូមិមួយនៅក្នុងប្រទេសហ្គាណា (Ghana) ក្នុងគោលបំណងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yahoo ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

​យោងតាមវីដេអូថ្មីបំផុតរបស់លោក គម្រោងភូមិដែលអាចទ្រទ្រង់ខ្លួនឯងបាន (Self-sustaining village) នេះ ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយពលកម្មកុមារនៅក្នុងសហគមន៍ដាំដុះកាកាវ។ គម្រោងដ៏ធំនេះរួមមាន សាលារៀនដែលអាចទទួលសិស្សបានជាង ៣០០នាក់ ផ្ទះសម្រាប់គ្រូបង្រៀនចំនួន ១០ខ្នង គ្លីនិកសុខភាព ផ្សារសហគមន៍ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ទីតាំងកសិកម្ម និងការផ្តល់អាហារដោយឥតគិតថ្លៃដល់សិស្សានុសិស្សសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

​ទោះជាយ៉ាងណាក្តី ចំពេលដែលបណ្តាញសារព័ត៌មានកំពុងផ្តោតការចាប់អារម្មណ៍លើសមិទ្ធផលនេះ មានគណនីបណ្តាញសង្គម X មួយ បានចោទសួរថា៖ «ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជា MrBeast មិនព្រមជួយស្រុកកំណើតរបស់ខ្លួនឯងនៅទីក្រុង Greenville រដ្ឋ North Carolina ឱ្យបានច្រើនជាងនេះ ខណៈដែលទីនោះមានអត្រានៃភាពក្រីក្ររហូតដល់ ២៥% (ដែលខ្ពស់ជាងមធ្យមភាគជាតិជាងពីរដងទៅហើយ)?»។

​ជាការឆ្លើយតប MrBeast បានបញ្ជាក់យ៉ាងរហ័សពីសកម្មភាពសប្បុរសធម៌របស់លោកនៅក្នុងស្រុកកំណើត ដោយលោកបានលើកឡើងថា លោកធ្លាប់បានបរិច្ចាគប្រាក់រាប់លានដុល្លាររួចមកហើយនៅក្នុងទីក្រុង Greenville តាមរយៈមូលនិធិសប្បុរសធម៌ផ្ទាល់ខ្លួនរបស់លោកឈ្មោះថា Beast Philanthropy។

​គួរជម្រាបថា MrBeast ដែលមានឈ្មោះពិតថា Jimmy Donaldson (កើតឆ្នាំ១៩៩៨) គឺជាអ្នកផលិតមាតិកាឯករាជ្យដែលមានអ្នកចុះឈ្មោះតាមដាន (Subscribers) ច្រើនជាងគេបំផុតនៅលើយូធូប។ លោកតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈវីដេអូប្រកួតប្រជែងប្លែកៗ ដោយផ្តល់រង្វាន់ជាសាច់ប្រាក់រាប់ពាន់ ឬរាប់លានដុល្លារ ដែលអាចផ្លាស់ប្តូរឆាកជីវិតអ្នកឈ្នះបាន។

​បច្ចុប្បន្ន លោកមិនត្រឹមតែល្បីល្បាញលើការ ផលិតមាតិកាអនឡាញប៉ុណ្ណោះទេ តែថែមទាំងទទួលបានការកោតសរសើរ យ៉ាងខ្លាំងចំពោះកិច្ចការសប្បុរសធម៌ ។ តាមរយៈអង្គការក្រៅរដ្ឋាភិបាល Beast Philanthropy លោកតែងតែចុះជួយសាងសង់លំនៅ ដ្ឋានជូនគ្រួសារខ្វះខាត និងធ្វើការបរិច្ចាគសាច់ប្រាក់យ៉ាង សន្ធឹកសន្ធាប់ជាហូរហែផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top