កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា លោក Kian84 ដែលជា YouTuber និងជាអ្នកកម្សាន្តដ៏ល្បីល្បាញម្នាក់ ក្នុងវិស័យកម្សាន្តរបស់កូរ៉េខាងត្បូង កំពុងជួបបញ្ហាធ្ងន់ធ្ងរជុំវិញការចោទប្រកាន់ថា លោកបានប្រព្រឹត្តមិនសមរម្យ ចំពោះតារាស្រីចូលរួមក្នុងឆានែល របស់លោកលើបណ្តាញសង្គម។
ថ្មីៗនេះតារាចម្រៀង នាង Kazuha សមាជិកក្រុម LE SSERAFIM បានបង្ហាញខ្លួនលើវីដេអូមួយនៅលើឆានែលរបស់ Kian84 ដោយនាងបានដើរទស្សនាផ្ទះរបស់ YouTuber រូបនេះ។ ខណៈអ្នកទាំង ២ កំពុងអង្គុយនិយាយគ្នានៅលើឥដ្ឋ លោក Kian84 បានកត់សម្គាល់ឃើញក្រចកជើងដ៏វែងរបស់នាង Kazuha ហើយបានកាត់ក្រចកជើងឲ្យនាងនៅចំពោះមុខកាមេរ៉ា បន្ទាប់ពីបានទទូចសុំជាច្រើនដង។
វីដេអូនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយទទួលបានការចូលមើលរាប់លានដង។ អ្នកគាំទ្រជាច្រើនបានបង្ហាញពីអារម្មណ៍មិនពេញចិត្តចំពោះខ្លឹមសារនៃវីដេអូនេះ ដោយអ្នកខ្លះថែមទាំងចោទប្រកាន់ Kian84 ថា បានបង្ខំនាង Kazuha ដោយប្រយោលឲ្យថតវីដេអូមានលក្ខណៈទាក់ទងនឹងចំណង់ផ្លូវភេទប្លែកៗទៀតផង។
លើសពីនេះ អ្នកខ្លះក៏បានលើកឡើងថា YouTuber រូបនេះធ្លាប់បានធ្វើសកម្មភាពស្រដៀងគ្នានេះដែរចំពោះ តារាចម្រៀង និងតារាសម្តែងស្រីជនជាតិកូរ៉េខាងត្បូង នាង Kwon Eunbi នៅពេលនាងបានមកចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងឆានែលរបស់លោក។
ទាំងទស្សនិកជនកូរ៉េ និងអន្តរជាតិបានបង្ហាញពីការមិនពេញចិត្តចំពោះហេតុការណ៍ដែលកើតឡើងដដែលៗទាំងនេះ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់នៅមិនទាន់បានចេញមុខបកស្រាយ ឬឆ្លើយតបចំពោះការព្រួយបារម្ភទាំងនោះនៅឡើយទេ។
