ញូវយ៉ក៖ មិនដល់មួយខែផងបន្ទាប់ពីភាគចុងក្រោយនៃកម្មវិធីជជែកកម្សាន្តពេលថ្ងៃរបស់ខ្លួនត្រូវបានចាក់ផ្សាយ តារាចម្រៀងម្ចាស់ពានរង្វាន់ Grammy អ្នកនាង Kelly Clarkson បានបង្ហាញវត្តមានជាសាធារណៈ ជាមួយនឹងម៉ូដសក់ខ្លីបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ អំឡុងពេលចូលរួមក្នុងកម្មវិធី “Today” កាលពីថ្ងៃទី២១ ខែកញ្ញា។
ម្ចាស់បទចម្រៀងដ៏ល្បី “Breakaway” រូបនេះ បានបង្ហាញសញ្ញានៃការបើកទំព័រជីវិតថ្មី តាមរយៈម៉ូដសក់កាត់ខ្លីត្រឹមចង្កា (Bob Haircut)។ ទោះបីជា Clarkson មិនបានបញ្ជាក់លម្អិត ពីមូលហេតុនៃការកាត់សក់នេះក្តី ក៏អ្នកនាងបានចែករំលែក ពីការផ្លាស់ប្តូររបត់ជីវិតថ្មីនៅទីក្រុងញូវយ៉ក ជាមួយកូនៗទាំងពីរគឺ River (អាយុ ១២ឆ្នាំ) និង Remington (អាយុ ១០ឆ្នាំ) បន្ទាប់ពីកម្មវិធី The Kelly Clarkson Show បានបិទបញ្ចប់កាលពីខែមុន។

អ្នកនាងបានរៀបរាប់ប្រាប់ ពិធីករកម្មវិធី Today ថា៖ «វាពិតជាអារម្មណ៍ប្លែកអស្ចារ្យណាស់ ព្រោះខ្ញុំមិនដែលរស់នៅ ញូវយ៉កដោយមិនបាច់ធ្វើការពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាចនោះទេ។ ទីក្រុងនេះពិតជាកន្លែងដ៏សប្បាយរីករាយ ហើយពេលនេះខ្ញុំកំពុងបំពេញតួនាទីជាម្តាយយ៉ាងពេញទំហឹង ដោយជូនកូនៗទៅរៀន និងទៅទទួលពួកគេជារៀងរាល់ថ្ងៃ។ ពួកយើងកំពុងពង្រឹងចំណងមិត្តភាពគ្រួសារយ៉ាងកក់ក្តៅ»។
ទន្ទឹមនឹងនេះ តារាចម្រៀងវ័យ ៤៤ឆ្នាំរូបនេះ ដែលត្រៀមវិលត្រឡប់មកធ្វើជាគណៈកម្មការក្នុងកម្មវិធី The Voice រដូវកាលទី៣០ វិញនោះ ក៏បានបង្ហាញពីអារម្មណ៍រំភើបក្នុងការងាកមកផ្តោតលើការងារក្នុងបន្ទប់ថតចម្រៀង និងការប្រគំតន្ត្រីឡើងវិញផងដែរ ។ Clarkson បានបន្ថែមថា កន្លងមកការរវល់ជាមួយកម្មវិធីជជែក កម្សាន្តបានធ្វើឱ្យអ្នកនាងត្រូវបដិសេធ គម្រោងតន្ត្រីជាច្រើន ប៉ុន្តែពេលនេះអ្នកនាងអាចទទួល យកការសម្តែងក្នុងមហោស្រពតន្ត្រីធំៗដូចជា Stagecoach ជាដើម។
សូមរំឭកថា កម្មវិធី The Kelly Clarkson Show របស់ទូរទស្សន៍ NBC បានចាក់ផ្សាយតាំងពីឆ្នាំ២០១៩ និងបានបិទបញ្ចប់ទៅវិញបន្ទាប់ពីដំណើរការអស់រយៈពេល ៧ឆ្នាំ។ ការសម្រេចចិត្តដកថយនេះ ធ្វើឡើងបន្ទាប់ពីមានការប្រែប្រួលក្នុងជីវិតគ្រួសារ ជាពិសេសក្រោយពេលអតីតស្វាមីរបស់អ្នកនាងគឺលោក Brandon Blackstock បានទទួលមរណភាព កាលពីខែសីហា ឆ្នាំ២០២៥ ដោយសារជំងឺមហារីក ដែលជាហេតុធ្វើឱ្យអ្នកនាង យល់ច្បាស់ពីតម្លៃនៃជីវិត និងសម្រេចចិត្តកាត់បន្ថយការងារដើម្បីផ្តល់ពេលវេលាឱ្យកូនៗ៕
ប្រែសម្រួល៖ គីរី
