កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Aespa បានជួបប្រទះនឹងរឿងចម្រូងចម្រាស ដែលមិននឹកស្មាន ដល់ពាក់ព័ន្ធនឹងការបង្ហាញខ្លួន របស់ពួកគេក្នុង កម្មវិធីទូរទស្សន៍មួយថ្មីៗនេះ។
សមាជិកក្រុម aespa បានបង្ហាញខ្លួនក្នុងកម្មវិធីមួយ ដែលចាក់ផ្សាយ ដោយសេវាកម្មផ្សាយ តាមអ៊ីនធើណេតរបស់ជប៉ុនឈ្មោះ ABEMA ក្នុងនោះពួកគេបានចូលរួមក្នុងផ្នែក មួយនៃកម្មវិធីដែលប្រើប្រាស់ កាមេរ៉ាលួចថត ។ ក្នុងអំឡុងពេលនៃការលេងសើចនោះ ជំនួយការផលិតករម្នាក់បានធ្វើឲ្យធ្លាក់របស់របរមួយចំនួននៅពេលកំពុងថត។ សមាជិកក្រុមបានប្រញាប់ប្រញាល់ទៅមើលបុគ្គលិកនោះ និងជួយរើសរបស់របរដែលធ្លាក់នៅលើឥដ្ឋ។
វីដេអូនៃហេតុការណ៍នេះបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម X ដោយបង្កឲ្យមានការរិះគន់ និងចំអកយ៉ាងខ្លាំង។ អ្នកលេងអ៊ីនធើណេតមួយចំនួនយល់ឃើញថា សកម្មភាពនេះមានការរៀបចំទុកជាមុន ដើម្បីឲ្យរូបភាពរបស់ Aespa កាន់តែល្បី ហើយពួកគេថែមទាំងបានរិះគន់លើប្រតិកម្មរបស់សមាជិក ក្រុមចំពោះហេតុការណ៍កើតឡើង ចំពោះបុគ្គលិកនោះទៀតផង។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រយល់ថា អ្នករិះគន់ទាំងនោះបានមើលរម្លង បរិបទពិតប្រាកដនៃវីដេអូនោះ។ ផ្នែកនៃកម្មវិធីនោះពិតជាមានការរៀបចំទុកជាមុនមែន ហើយវាមានគោលបំណងដើម្បីវាស់ស្ទង់ប្រតិកម្ម របស់សមាជិកក្រុម ចំពោះហេតុការណ៍ដែលកើតឡើងកំឡុងពេលថត។ ភាពឆ្គាំឆ្គងនៃពេលវេលានោះ គឺជាអ្វីដែលកើតឡើងដោយធម្មជាតិ និងមិនមែនជារឿងដែលគួរយកមកធ្វើជាហេតុផល ដើម្បីរិះគន់ពួកគេនោះទេ៕
