អាមេរិក៖មន្ត្រីជំនាញផ្នែកកោសល្យវិច័យនៅរដ្ឋ South Carolina បាននិយាយកាលពីថ្ងៃអង្គារថា តារាសម្តែង និងតារាចម្រៀងល្បីល្បាញជនជាតិ អាមេរិក នាង Hayden Panettiere បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំ ជាច្រើនប្រភេទលើសកម្រិតដោយអចេតនា រួមទាំងសារធាតុ fentanyl នេះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today។
នាង Panettiere មានអាយុ ៣៦ ឆ្នាំ ត្រូវបានគេប្រទះឃើញក្នុងស្ថានភាពសន្លប់បាត់ស្មារតី ក្នុងអាផាតមិនមួយកន្លែងនៅទីក្រុង Greenville រដ្ឋ South Carolina កាលពីថ្ងៃទី ១៦ ខែសីហា។ មិត្តប្រុសរបស់នាង លោក Brian Hickerson និងប្អូនប្រុសរបស់គាត់ឈ្មោះ Zach Hickerson ក៏មានវត្តមានក្នុងផ្ទះនោះដែរ។
យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យមន្ត្រីជំនាញផ្នែកកោសល្យវិច័យប្រចាំស្រុក Greenville បានឲ្យដឹងថា ក្នុងខ្លួននាងមានសារធាតុ fentanyl និងសារធាតុគីមីដែលកើតចេញពីវា ព្រមទាំងថ្នាំព្យាបាលការថប់បារម្ភថ្នាំបន្ធូរសាច់ដុំ និងថ្នាំសម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ និងបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរផ្សេងទៀតក្នុងរាងកាយរបស់នាង Panettiere។
ការិយាល័យនេះមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមពីរបាយការណ៍ពិនិត្យសាកសពក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួននោះទេ។ នៅពេលសួររកមតិយោបល់លើរបាយការណ៍របស់មន្ត្រីជំនាញផ្នែកកោសល្យវិច័យ លោកស្រី Kasey Kitchen ជាអ្នកតំណាងផ្នែកទំនាក់ទំនងសាធារណៈរបស់គ្រួសារ បានប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថា ការស៊ើបអង្កេតនៅតែបន្ត ហើយករណីនេះមានភាពស្មុគស្មាញ។
ប៉ូលិសទីក្រុង Greenville បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតរបស់ពួកគេលើការស្លាប់របស់ Panettiere នៅតែបន្តធ្វើឡើង។
លោក Mike Ellis មន្ត្រីជំនាញផ្នែកកោសល្យវិច័យប្រចាំស្រុក Greenville បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានចុះទៅកាន់អាផាតមិនរបស់នាង Panettiere កាលពីខែមុន បន្ទាប់ពីទទួលបានការហៅទូរសព្ទទៅកាន់លេខ ៩១១ ហើយបានធ្វើការសង្គ្រោះបឋមតាមវិធី CPR និងវិធានការសង្គ្រោះកម្រិតខ្ពស់ផ្សេងទៀតអស់រយៈពេលជាង ៤០ នាទី មុនពេលនាងត្រូវបានប្រកាសថាបានស្លាប់។ ការពិនិត្យសាកសពមិនបានរកឃើញសញ្ញានៃការប៉ះទង្គិចរាងកាយអាចបណ្តាលឲ្យនាងស្លាប់នោះទេ។
របាយការណ៍របស់ប៉ូលិសដែលចេញផ្សាយ បន្ទាប់ពីការស្លាប់របស់នាង បានរាយបញ្ជីថ្នាំដែលតារាចម្រៀង ល្បីល្បាញជនជាតិអាមេរិក Panettiere កំពុងប្រើប្រាស់ ប៉ុន្តែឈ្មោះថ្នាំទាំងនោះត្រូវបានលុប ចេញមិនត្រូវបានបង្ហាញជាសាធារណៈឡើយ៕
