ព័ត៌មានអន្តរជាតិ

របស់របរផ្ទាល់ខ្លួន របស់តារាសម្តែង លោកស្រី Bardot មានតម្លៃជិតមួយលានអឺរ៉ូ ក្នុងដាក់លក់ដេញថ្លៃនៅទីក្រុងប៉ារីស

ប៉ារីស៖ក្រុមហ៊ុនដេញថ្លៃ Millon បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការដេញថ្លៃលក់របស់របរផ្ទាល់ខ្លួន របស់តារាសម្តែងភាពយន្តដ៏ល្បីល្បាញ ជនជាតិបារាំង លោកស្រី Brigitte Bardot បានប្រមូលទឹកប្រាក់ជិតមួយលានអឺរ៉ូ នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ដែលជាចំនួនទឹកប្រាក់ច្រើនជាងការប៉ាន់ ស្មានដល់ទៅជិត ២០ ដង។

អ្នកសារព័ត៌មានរបស់ AFP បានរាយការណ៍ថា វត្ថុទំាងនេះមានចំនួន ២៨៥ មុខ រួមមានមួកចំបើង វ៉ែនតាការពារពន្លឺថ្ងៃ អាវគេង សម្ភារៈប្រើប្រាស់លើតុអាហារ និងគ្រឿងសង្ហារិម យកមកពីគេហដ្ឋានរបស់នាងឈ្មោះ La Madrague និង La Garrigue នៅតំបន់ Saint-Tropez ភាគអាគ្នេយ៍ប្រទេសបារាំង និងពីអាផាតមិនរបស់នាងនៅទីក្រុងប៉ារីស បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

លោកស្រី Bardot បានទទួលមរណភាព កាលពីខែធ្នូ ក្នុងវ័យ ៩១ ឆ្នាំ។ ប្រាក់ចំណូលដែលទទួលបានពីការលក់នេះ នឹងត្រូវប្រគល់ជូនមូលនិធិសុខុមាលភាពសត្វរបស់លោកស្រី Bardot និងលោក Nicolas-Jacques Charrier ដែលជាកូនតែមួយគត់របស់នាង។

មូលនិធិ Brigitte Bardot ត្រូវបានបង្កើតឡើងដោយតារារូបនេះក្នុងឆ្នាំ ១៩៨៦ បានឲ្យដឹងថា ខ្លួនបានទទួលយកសត្វចំនួន ១៣,០០០ ក្បាលតាមរយៈមជ្ឈមណ្ឌលជួយសង្គ្រោះចំនួន ៤ និងទីតាំងដៃគូចំនួន ១៥០ ព្រមទាំងគាំទ្រក្រុមចំនួន ៣៥០ នៅក្នុងប្រទេសបារាំង និងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៧០។

មានអ្នកចូលរួមដេញថ្លៃប្រហែល ៣,០០០ នាក់ទាំងជនជាតិបារាំង និងអន្តរជាតិ បានចុះឈ្មោះសម្រាប់ការដេញថ្លៃនេះ។

លោក Alexandre Millon អ្នករៀបចំការដេញថ្លៃបាននិយាយថា លោកស្រី Brigitte Bardot បានបង្ហាញម្តងទៀតថាជាអ្នកបង្កើតភាពអស្ចារ្យ៖ នាងបានប្រែក្លាយរបស់របរដែលមានតម្លៃប៉ាន់ស្មានត្រឹមតែប្រហែល ៥០,០០០ អឺរ៉ូ (៥៧,០០០ ដុល្លារ) ទៅជាទឹកប្រាក់ជិតមួយលានអឺរ៉ូ (រួមទាំងថ្លៃសេវាផ្សេងៗ)»។

ខ្សែក-សត្វឆ្កែចំនួនពីរ មានស្លាកសម្គាល់ឈ្មោះ Bardot និងលេខទូរសព្ទរបស់គេហដ្ឋាន La Madrague ត្រូវបានប៉ាន់ស្មានតម្លៃត្រឹមតែ ៣០ អឺរ៉ូសម្រាប់មួយគូនេះ) ត្រូវបានលក់ក្នុងតម្លៃ ៩,៤០០ អឺរ៉ូទៅឲ្យអ្នកទិញជនជាតិរុស្ស៊ីម្នាក់។ រូបគំនូរដែលលោកស្រីគូររូបខ្លួនឯងត្រូវបានលក់ក្នុងតម្លៃជិត ៤០,០០០ អឺរ៉ូ ខណៈម៉ាស៊ីនវាយអត្ថបទដែលលោកស្រីធ្លាប់ប្រើដើម្បីសរសេរសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ត្រូវបានលក់ក្នុងតម្លៃ ៤,៦៣៤ អឺរ៉ូ។

នេះបើតាមសម្តីរបស់លោកស្រី Ghyslaine Calmels នាយិកាគ្រប់គ្រងនៃមូលនិធិ Bardot បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្រោយបញ្ចប់ការលក់ថា ហ្គីតាចំនួនពីររបស់លោស្រី ប៉ាន់ស្មានតម្លៃចន្លោះពី ៣០០ ទៅ ៥០០ អឺរ៉ូ បានឡើងថ្លៃដល់ទៅ ៨,៦០០ និង ១១,៩០០ អឺរ៉ូ ខណៈតុក្កតាសត្វចំនួនបីដែលធ្វើត្រាប់តាមកូនសត្វត្រាលក់តម្លៃជិត ២,២០០ អឺរ៉ូ។ ការលក់នេះគឺជាការបន្តដ៏សមហេតុផលនៃព្រឹត្តិការណ៍ដែលលោកស្រីផ្ទាល់បានរៀបចំឡើងកាលពីឆ្នាំ ១៩៨៧ ដោយប្រើប្រាស់សម្ភារៈដ៏មានតម្លៃបំផុតរបស់នាង ដើម្បីបង្កើតមូលនិធិរបស់នាង។ សព្វថ្ងៃនេះ ការតស៊ូរបស់នាងនៅតែបន្តតាមរយៈការលក់ដេញថ្លៃនេះ៕

Most Popular

To Top