ថៃ៖យោងតាមការវាយតម្លៃ របស់ធនាគារពិភពលោក បាននិយាយថា ការបំពុលខ្យល់ ដោយសារភាគល្អិត PM2.5 បង្កឲ្យមានការខាតបង់ផ្នែក សេដ្ឋកិច្ចរបស់ប្រទេសថៃ ប្រមាណ ៤៥,៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្មើនឹង ៣,៨៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ជាតួលេខខ្ពស់បំផុតលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
កាសែត The Nation បានរាយការណ៍ដោយដកស្រង់ទិន្នន័យពីសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅទូទាំងពិភពលោក ទាក់ទងនឹងបន្ទុកចំណាយលើវិស័យសុខាភិបាលដែលបណ្តាលមកពីការបំពុលដោយភាគល្អិតល្អិត PM2.5។
ការបំពុលខ្យល់ដែលអូសបន្លាយពេលក៏កាត់បន្ថយផលិតភាពរបស់កម្មករទាំងក្នុង និងក្រៅកន្លែងធ្វើការ បង្កើនអត្រានៃការអវត្តមានពីការងារ កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ កាត់បន្ថយចំណូលពីវិស័យទេសចរណ៍ និងធ្វើឲ្យតម្លៃអចលនទ្រព្យធ្លាក់ចុះក្នុងតំបន់ដែលមានការបំពុលខ្លាំង។
ក្នុងរយៈពេលវែង និងបញ្ហាផ្សែងអ័ព្ទដែលកើតឡើងជាប្រចាំនៅរដូវប្រាំងនីមួយៗ កំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការទាក់ទាញកម្មករដែលមានជំនាញខ្ពស់ និងភ្ញៀវទេសចរមានកម្រិតចំណាយខ្ពស់ ព្រមទាំងប៉ះពាល់ដល់គុណភាពនៃកម្លាំងពលកម្មនាពេលអនាគត ដោយសារតែផលប៉ះពាល់អវិជ្ជមានទៅលើការអភិវឌ្ឍរាងកាយ និងបញ្ញារបស់កុមារ។
ក្នុងបរិបទនេះ សកម្មជនបរិស្ថាន និង អ្នកសេដ្ឋកិច្ចបានព្រមានថា ការបន្តពន្យារពេលក្នុងការអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីខ្យល់ស្អាតនៅក្នុងសភាថៃ កំពុងក្លាយជាឧបសគ្គដ៏សំខាន់មួយ ចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព របស់ប្រទេសនេះ៕
