កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះមួយដែលបង្ហាញពីភស្តុតាងនានាលើបណ្ដាញអ៊ីនធើណេត ដោយអះអាងថា តារាចម្រៀងលោក Jungkook របស់ក្រុម BTS និងតារាចម្រៀងនាង Winter របស់ក្រុម aespa កំពុងទាក់ទងគ្នាជាគូស្នេហ៍ បានបង្កឲ្យមានការជជែកវែកញែក និងប្រតិកម្មយ៉ាងខ្លាំងក្លា។
នៅលើវេទិកា Nate Pann ការបង្ហោះមួយបានទាក់ទាញអ្នកចូលមើលជាង ៥៥,០០០ ដង ដោយបានបង្ហាញពីភស្តុតាងនៃទំនាក់ទំនងស្នេហារបស់ពួកគេ ព្រមទាំងមានការសរសេរពន្យល់ជាភាសាអង់គ្លេស និងកូរ៉េ។
ចំណុចដំបូងដែលត្រូវបានលើកឡើង គឺការជជែកវែកញែកថ្មីៗនេះអំពីករណីដែល លោក Jungkook មិនបានដោះអាវក្រៅរបស់លោកចេញនៅព្រលានយន្តហោះ ដោយមានការសង្ស័យថា លោកព្យាយាមមិនបង្ហាញដៃ និងស្នាមសាក់គូស្នេហ៍របស់លោក។
បន្ទាប់មក មានរូបភាពរបស់លោក Jungkook ពាក់ចិញ្ចៀនមួយវង់ ដែលអ្នកបង្ហោះដើម (OP) បានអះអាងថាជាចិញ្ចៀនសម្រាប់ការសុំរៀបការ។ លើសពីនេះ គេក៏បានពិនិត្យមើលសកម្មភាពរបស់លោកក្នុងកម្មវិធី iHeartRadio Music Festival ផងដែរ។
ក៏មានការលើកឡើងអំពីអាកប្បកិរិយា និងការនិយាយស្តីរបស់លោក។ ពួកគេថែមទាំងបានភ្ជាប់រឿងរ៉ាវរបស់នាង Winter មកពាក់ព័ន្ធទៀតផង រួមទាំងការលើកឡើងពីបទសម្ភាសន៍ដែលនាងនិយាយថា ខ្លួនពេញចិត្តតារាសម្តែងកូរ៉េម្នាក់ ហើយបានភ្ជាប់ចំណុចនោះទៅនឹងលោក Jungkook៕
