ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ប្រទេសបារាំង នឹងបញ្ជូនធនធានយោធា ទៅការពារទីក្រុង Yanbu ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងថាមពលដ៏សំខាន់មួយនៅលើឆ្នេរសមុទ្រក្រហម របស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោក ម៉ាក្រុង បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 ដោយបញ្ជាក់ថា ប្រទេសបារាំងបានបញ្ចប់ការពិភាក្សាជាមួយភាគីអារ៉ាប៊ីសាអូឌីតរួចហើយ អំពីការបញ្ជូន “ធនធានយោធា” ដើម្បីការពារទីតាំងនោះ ដែលរួមមាន “ទាហាន ប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារ”។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំងប្រភេទ Rafale លោក ម៉ាក្រុង បានលេីកឡេីងថា ប្រទេសបារាំងនឹង “តាមដានស្ថានភាព និងពិនិត្យមើលទៅតាមតម្រូវការជាក់ស្តែង” ដោយកត់សម្គាល់ថា “យើងមានយន្តហោះប្រភេទនេះមួយចំនួននៅក្នុងតំបន់នោះស្រាប់ហើយ”។
លោកបានបន្ដថា អាទិភាពរបស់លោក គឺ “ការបន្ថយតម្លៃប្រេងឥន្ធនៈ” ដោយបន្ថែមថា វាចាំបាច់ណាស់ក្នុងការ “ព្យាយាមបញ្ចេញស្តុកប្រេង និងធ្វើឱ្យប្រសើរឡើងនូវលំហូរនៃការដឹកជញ្ជូននៅក្នុងតំបន់មជ្ឈិមបូព៌ា”។
ការលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ូធី របស់ប្រទេសយេម៉ែនបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយកំណត់គោលដៅទៅលើទីក្រុងរីយ៉ាដ រដ្ឋធានីរបស់អារ៉ាប៊ីសាអូឌីត និងទីក្រុង Yanbu ដែលនេះគឺជាការកើនឡើងនៃភាពតានតឹងយ៉ាងខ្លាំង នៅក្នុងជម្លោះរវាងភាគីទាំងពីរ៕
