ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអ៊ីតាលី បានអនុម័តការហាមឃាត់ ការស្លៀកពាក់ដែលបិទ បាំងមុខក្នុងសាលារៀន

អ៊ីតាលី ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានមានប្រសាសន៍ថា រដ្ឋាភិបាលអ៊ីតាលី បានអនុម័តការហាមឃាត់ការ ស្លៀកពាក់បិទបាំងមុខ ក្នុងសាលារៀន ព្រមទាំងកំណត់ចំនួនសិស្ស ដែលមានកម្រិតភាសាអ៊ីតាលីមិនទាន់ល្អ ក្នុងថ្នាក់រៀនមួយចំនួន ដោយវិធានការទាំងនេះ នឹងជួយកែលម្អការ ធ្វើសមាហរណកម្ម និងការពារកុំឲ្យមានការបង្កើត ថ្នាក់រៀនដាច់ដោយឡែកសម្រាប់ក្រុមជនអន្តោប្រវេសន៍។

ក្រឹត្យត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ដោយហាមឃាត់ ការស្លៀកពាក់ដែលបិទបាំងមុខ ដែលធ្វើឲ្យពិបាកក្នុងការកំណត់ អត្តសញ្ញាណក្នុងអំឡុង ពេលសកម្មភាពសិក្សានៅសាលា។ បម្រាមនេះគ្របដណ្តប់លើការស្លៀកពាក់បិទបាំងមុខ ប៉ុន្តែមិនរាប់បញ្ចូលស្បៃរុំក្បាល មិនបិទបាំងមុខនោះទេ។ ការបំពានលើវិធានការនេះអាចប្រឈមនឹងការផាកពិន័យរហូតដល់ ១,០០០ អឺរ៉ូ។

រដ្ឋាភិបាលក៏បានកំណត់កម្រិតអតិបរមា ៣០ ភាគរយសម្រាប់សិស្សដែលមិនមានសញ្ជាតិអ៊ីតាលីក្នុងថ្នាក់រៀនឆ្នាំទីមួយ។ សម្រាប់សាលាបឋមសិក្សា បម្រាមនេះអនុវត្តចំពោះសិស្សដែលមិនបានកើតនៅប្រទេសអ៊ីតាលី ឬមិនបានចូលរៀនថ្នាក់មត្តេយ្យយ៉ាងហោចណាស់ពីរឆ្នាំ។ ចំណែកនៅអនុវិទ្យាល័យ និងវិទ្យាល័យវិញ វាអនុវត្តចំពោះសិស្សដែលមិនបានចូលរៀនក្នុងប្រព័ន្ធអប់រំ របស់អ៊ីតាលីយ៉ាងហោចណាស់បីឆ្នាំ។ អាជ្ញាធរមូលដ្ឋានអាចអនុញ្ញាត ឱ្យមានករណីលើកលែងក្នុងករណី ដែលមិនអាចដាក់សិស្សឱ្យរៀននៅកន្លែងផ្សេងបាន និងត្រូវផ្តល់ការគាំទ្រផ្នែកភាសាបន្ថែម។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X លោកស្រី Meloni បានពណ៌នាវិធានការទាំងនេះថាជា “ឧបករណ៍ផ្អែកលើហេតុផលសមស្រប ដែលមិនបង្កឱ្យមានការបែកបាក់ ប៉ុន្តែជួយពិតប្រាកដដល់ការ ធ្វើសមាហរណកម្ម ដោយជៀសវាងការបង្កើតថ្នាក់រៀន ដាច់ដោយឡែកសម្រាប់ក្រុម ជនអន្តោប្រវេសន៍ និងផ្តល់ឱកាសស្មើៗគ្នាដល់សិស្សទាំងអស់” ។

សុន្ទរកថាដែលបានផ្សាយតាមទូរទស្សន៍ លោកស្រី Meloni បានបញ្ជាក់ថា ការហាមឃាត់ការស្លៀកពាក់បិទបាំងមុខគឺជាបញ្ហាសន្តិសុខ ដោយបន្ថែមថា នៅពេលស្ត្រីម្នាក់ ឬកាន់តែធ្ងន់ធ្ងរ ជាងនេះទៅទៀត គឺក្មេងស្រីម្នាក់ ត្រូវបានបង្ខំឲ្យបិទបាំងមុខ នោះនាងត្រូវបានគេដកហូតសិទ្ធិជាមូលដ្ឋាន និងការធ្វើសមាហរណកម្ម ដែលគេតែងតែលើកឡើងយ៉ាងខ្លាំងក្លានោះឯង ៕

Most Popular

To Top