ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីហូលីវូដ លោក Weinstein ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទ

អាមេរិក៖យោងតាមការ ចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Harvey Weinstein ដែលជាផលិតករហូលីវូដ ដ៏ល្បីល្បាញ ប៉ុន្តែត្រូវបាត់បង់កេរ្តិ៍ឈ្មោះដោយសាររឿងអាស្រូវផ្លូវភេទនោះ ត្រូវបានតុលាការទីក្រុងញូវយ៉កកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទ កាលពីថ្ងៃពុធ។

អតីតមហាសេដ្ឋីវិស័យភាពយន្តវ័យ ៧៤ ឆ្នាំរូបនេះ ត្រូវបានរកឃើញថា មានទោសកាលពីឆ្នាំមុន ពីបទប្រព្រឹត្តអំពើផ្លូវភេទជា បទឧក្រិដ្ឋកម្រិតធ្ងន់បំផុតប្រឆាំងនឹងអ្នកស្រី Miriam Haley ជាអតីតជំនួយការផលិតកម្មទូរទស្សន៍ នៅអាផាតមិនរបស់លោកនៅតំបន់ Manhattan កាលពីឆ្នាំ ២០០៦។ សាលក្រមនេះត្រូវបានប្រកាសឡើង បន្ទាប់ពីមានការកាត់ក្តីឡើងវិញ ក្រោយពេលដែលការកាត់ទោស លោកពីមុននៅញូវយ៉កត្រូវបានលុបចោលនៅឆ្នាំ ២០២៤។

យោងតាមសារព័ត៌មាន CBS News ដកស្រង់សម្តីអ្នកស្រី Haley បានប្រាប់តុលាការថា ខ្ញុំតែងតែមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាអ្នកដែលកំពុងត្រូវគេកាត់ទោស។ អ្នកស្រីបានបន្តថា ការបន្តប្តឹងផ្តល់ក្នុងសំណុំរឿងនេះ ជួនកាលហាក់ដូចជាការសម្រេចចិត្តដ៏អាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំ ហើយបានចោទប្រកាន់លោក Weinstein ថា គ្មានការសោកស្តាយ ឬបង្ហាញសញ្ញានៃការកែខ្លួន អ្វីឡើយ។

លោក Weinstein បានសុំទោសចំពោះបុគ្គលដែលគាត់អាចបានបង្កការឈឺចាប់ ប៉ុន្តែគាត់នៅតែអះអាងថាខ្លួនគ្មានកំហុស។

យោងតាម CBS News ដកស្រង់លោកបាននិយាយអំពីពេលវេលាដែលគាត់ជាប់ឃុំឃាំងថា គេប្រព្រឹត្តចំពោះអ្នកដូចជាសត្វធាតុ ហើយតាមពិតទៅ អ្នកគឺទាបជាងសត្វធាតុទៅទៀត ព្រោះគេចាត់ទុកអ្នកថាគ្មានតម្លៃអ្វីសោះ។

ចៅក្រម Curtis Farber បានប្រាប់ថា លោក Weinstein នឹងត្រូវបានគេចងចាំតាមរយៈខ្សែភាពយន្តដែលលោកបាននាំយកមកបង្ហាញជូនទស្សនិកជន ប៉ុន្តែស្នាដៃទាំងនោះនឹងមិនអាចប្រៀបធៀបបានឡើយទៅនឹងអំពើល្មើសច្បាប់របស់លោក និងការដែលលោកបានក្លាយជាតំណាងដ៏លេចធ្លោនៃចលនា #MeToo»។

មុនពេលមានការលាតត្រដាងអំពីការចោទប្រកាន់ប្រឆាំងនឹងលោក Weinstein នៅឆ្នាំ ២០១៧ លោកធ្លាប់បានផលិត ឬជួយនាំយកខ្សែភាពយន្តល្បីៗជាច្រើនរបស់ហូលីវូដមកចាក់បញ្ចាំង រួមមានរឿង Pulp Fiction, Good Will Hunting និង Shakespeare in Love។ ការលាតត្រដាងទាំងនោះបានជួយជំរុញឲ្យចលនា #MeToo ក្លាយជាចលនាសកល ខណៈស្ត្រីជាច្រើនបានចោទប្រកាន់ជាសាធារណៈទៅលើបុគ្គលមានឥទ្ធិពលក្នុងវិស័យកម្សាន្ត ប្រព័ន្ធផ្សព្វផ្សាយ នយោបាយ និងវិស័យផ្សេងៗទៀត អំពីការប្រព្រឹត្តមិនត្រឹមត្រូវខាងផ្លូវភេទ ៕

Most Popular

To Top