ភ្នំពេញ៖លោក គួច ហុងចៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូតំណាង ឧញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកថវិកា លើកទឹកចិត្តប្រគល់ជូនក្រុមកីឡាករ-កីឡាការិនីហាប់គីដូ ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ជ្រើសរើស ជើងឯកអាស៊ី លើកទី៣ នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៣ ដល់ ១៧ ខែសីហា ឆ្នាំ២០២៦ របស់លោកប្រធាន សៅ សេងហាក់ និងក្រុមហ៊ុនដឹកជញ្ជូនឡាវីតា ដែលមានស្នាដៃជូនប្រទេសជាតិ និងចែករម្លែកបទពិសោធទាំងប៉ុន្មានដល់អ្នកជំនាន់ក្រោយ។

លោក គួច ហុងចៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានមានប្រសាសន៍ថា សមិទ្ធផលមេដាយ ៣៥គ្រឿង ពីការប្រកួតនេះគឺកើតចេញពីការខំប្រឹងប្រែង លើការហ្វឹកហាត់ និងការតស៊ូព្យាយាមប្រកួតរបស់អ្នកគ្រប់គ្នា ។ ប្រាក់រង្វាន់របស់លោកប្រធាន សៅ សេងហាក់ ផ្ដល់ជូននៅពេលនេះ គឺជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ដែលបានបង្កើតស្នាដៃជូនជាតិ និងការខំប្រឹងប្រែងហ្វឹកហាត់ ដោយមិនខ្លាចនឿយហត់ដើម្បីសម្រេចនូវជ័យជម្នះមួយនេះ។

លោកប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបន្តថា សកម្មភាពនេះជាលើកទឹកចិត្តដល់អ្នកដែលបានចេញទៅប្រកួតហើយ និងអ្នកមិនទាន់មានឱកាសចេញទៅសូមបន្តខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព និងចាប់ផ្ដើមត្រៀមខ្លួនឲ្យបានល្អដើម្បីបង្ហាញដល់គ្រូបង្វឹក ថ្នាក់ដឹកនាំ។

លោក គួច ហុងចៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកប្រវតិបតិ្ត តែងតែលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីកីឡាហាប់គីដូ រហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយ សម្រាប់ក្រុមអត្តពលិកកម្ពុជា ដែលចេញដំណើរចូលរួមការប្រកួតកម្រិតអន្តរជាតិ និងការដណ្តើមមេដាយជូនជាតិ ៕





