បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីSEPN ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបមេឃខៀវ Manchester City ត្រូវបានរកឃើញថា មានកំហុសស្ទើរ តែទាំងអស់ លើការចោទប្រកាន់ទាំង ១១៥ករណី ដែលបានចោទប្រកាន់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុ របស់ក្របខណ្ឌ Premier League ដែលបញ្ហានេះអាចនឹងជះឥទ្ធិពលយ៉ាងធំធេងដល់ប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។
ទោះបីជា Man City នៅមានសិទ្ធិប្តឹងឧទ្ធរណ៍ក៏ដោយ គេកំពុងរង់ចាំមើលទណ្ឌកម្មដែលនឹងត្រូវដាក់ចេញដោយថ្នាក់ដឹកនាំ Premier League គឺលោក Richard Masters។ ផ្ទុយពីការគិតរបស់អ្នកគាំទ្រមួយចំនួនដែលថា City អាចនឹងត្រឹមរងការពិន័យជាប្រាក់ ឬកាត់ពិន្ទុបន្តិចបន្តួចនោះ អ្នកជំនាញច្បាប់ជឿជាក់ថា ទណ្ឌកម្មនេះនឹងមានកម្រិតធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មាន ដោយសារតែទំហំនៃបទល្មើស។

បើប្រៀបធៀបទៅនឹងករណីក្លិប Everton ទីភ្នាក់ងារ Premier League ធ្លាប់បានដាក់ពិន័យរួចមកហើយ ដូច្នេះដោយសារ City មិនបានសហការពេញលេញក្នុងការស៊ើបអង្កេត ពួកគេអាចប្រឈមនឹងការកាត់ពិន្ទុយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអាចឈានដល់ការកាត់ទម្លាក់ទៅលេងនៅក្របខណ្ឌ Championship។
វានៅមិនទាន់ច្បាស់នៅឡើយទេថាតើកំណត់ត្រា និងពានរង្វាន់នានាដែល City ឈ្នះចន្លោះឆ្នាំ ២០០៩ ដល់ ២០១៨ នឹងត្រូវចាត់ទុកជាមោឃៈឬយ៉ាងណា។ ទោះបីជាអតីតអ្នកចាត់ការ លោក Pep Guardiola ធ្លាប់បានការពារថា “គ្រាដ៏អស្ចារ្យដែលពួកគេឈ្នះនៅលើទីលានគឺជារបស់ City ជារៀងរហូត” ក៏ដោយ ក៏អ្នករិះគន់យល់ថា ភាពជោគជ័យទាំងនោះ អាចកើតឡើងទៅបានក៏ដោយសារតែការរំលោភបំពានផ្នែកហិរញ្ញវត្ថុ ដើម្បីកសាងគ្រឹះដ៏រឹងមាំសម្រាប់ក្លិប។
បញ្ហាធំបំផុតមួយទៀតសម្រាប់ Man City គឺការប្រឈមផ្លូវច្បាប់ និងហិរញ្ញវត្ថុពីក្លិបគូប្រជែង។ ក្លិបធំៗដូចជា Manchester United, Liverpool និង Arsenal ដែលធ្លាប់ខកខានឱកាសឈ្នះជើងឯក Premier League ច្រើនលើកដោយសារ Man City អាចនឹងកំពុងវាយតម្លៃពីការខាតបង់ប្រាក់ចំណូលរបស់ខ្លួន ដើម្បីទាមទារសំណង។ លើសពីនេះ ក្លិបផ្សេងទៀតដែលបាត់បង់ឱកាសចូល Top 4 ក៏អាចរងផលប៉ះពាល់ពីប្រាក់រង្វាន់ (Prize money) នៃពាន Champions League ផងដែរ។
ប្រសិនបើសាលក្រមចុងក្រោយនៅតែរក្សាភាពមានកំហុស កេរ្តិ៍ឈ្មោះរបស់ក្លិប Manchester City នឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរាល់សមិទ្ធផលទាំងអស់អាចនឹងត្រូវគេចាត់ទុកថាគ្មានតម្លៃ ស្រដៀងទៅនឹងករណីដកហូតជើងឯករបស់កីឡាករប្រណាំងកង់ Lance Armstrong ជាដើម។ យ៉ាងណាមិញ មកទល់ពេលនេះ ក្លិប Manchester City នៅតែបន្តរក្សាជំហរបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះនៅឡើយ៕
ប្រែសម្រួល៖ គីរី
