ជីវិតជានិស្សិតមហាវិទ្យាល័យ មិនមែនសុទ្ធតែល្អឥតខ្ចោះ និងរលូនរហូតនោះទេ។ យោងតាមបទពិសោធន៍ ជាច្រើនឆ្នាំរបស់គ្រូពេទ្យ ដែលធ្លាប់ប្រឹក្សា និង ថែទាំនិស្សិត បានបង្ហាញថា បញ្ហាដែលធ្វើឱ្យរាំងស្ទះ ដល់ការសិក្សា របស់និស្សិត គឺជារឿងដែលអាចទាយទុកមុន និងអាចដោះស្រាយបាន ប្រសិនបើពួកគេដឹងពីរបៀបទប់ទល់។ ខាងក្រោមនេះគឺជាការសង្ខេបនូវគន្លឹះសំខាន់ៗទាំង ៥ ដែលនិស្សិតគួរយល់ដឹង នេះយោងតាមការចេញផ្សាយពី CNN នាពេលថ្មីៗនេះ ៖

១. ការនឹករលឹកផ្ទះ មិនមែនមានន័យថា អ្នកជ្រើសរើសសាលាខុសនោះទេ
ការមានអារម្មណ៍ឯកោ ពិបាកចិត្ត និងនឹកផ្ទះ គឺជារឿងទូទៅបំផុត (និស្សិតប្រមាណ ៦០% ធ្លាប់ជួបប្រទះអារម្មណ៍នេះ)។ និស្សិតមិនគួរដាក់សម្ពាធលើខ្លួនឯង ដោយសារតែឃើញភាពអស្ចារ្យរបស់អ្នកដទៃលើបណ្ដាញសង្គមឡើយ។ ដើម្បីយកឈ្នះភាពឯកោ និស្សិតមិនគួរឧស្សាហ៍ ត្រឡប់ទៅផ្ទះញឹកញាប់ ពេកនៅរៀងរាល់ចុងសប្តាហ៍នោះទេ ផ្ទុយទៅវិញគួរចំណាយពេលចេញពីបន្ទប់ ចូលរួមសកម្មភាពក្លឹបយ៉ាងហោចណាស់ ៣ ដើម្បីបង្កើតមិត្តភាព និងទម្លាប់រស់នៅថ្មីនៅក្នុងសាលា ។
២. គុណភាពនៃការគេងគឺជារឿង សំខាន់ដែលមិនអាចមើលរំលងបាន
ខួរក្បាលដែលនឿយហត់ នឹងធ្វើឱ្យសមត្ថភាពចងចាំ និងការផ្តោតអារម្មណ៍ធ្លាក់ចុះយ៉ាងខ្លាំង។ បរិយាកាសអន្តេវាសិកដ្ឋាន (Dorm) អាចមានសំឡេងរំខាន និងពន្លឺ ដូច្នេះគួររកវិធីការពារដូចជាប្រើរបាំងបិទភ្នែក និងកាស។ អ្វីដែលសំខាន់បំផុត គឺត្រូវរក្សា “ម៉ោងក្រោកពីគេង” ឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ទោះបីជាអ្នកចូលគេងយឺតក៏ដោយ ដើម្បីកុំឱ្យខូចប្រព័ន្ធនាឡិកាជីវសាស្ត្ររបស់រាងកាយ។
៣. ការថប់បារម្ភលើការសិក្សា ជារឿងដែលអាចដោះស្រាយបាន
ការសិក្សានៅសាកលវិទ្យាល័យ មានទម្រង់ខុសពីវិទ្យាល័យ ដូច្នេះការផ្លាស់ប្តូរវិធីសាស្ត្ររៀនសូត្រគឺជារឿងចាំបាច់។ និស្សិតគួរឆ្លៀតទៅជួបសាស្រ្តាចារ្យដោយផ្ទាល់នៅម៉ោងការិយាល័យ (Office hours) ក្នុងសប្តាហ៍ដំបូងៗនៃការចូលរៀន ដើម្បីសុំយោបល់ និងបង្កើតទំនាក់ទំនង ជាជាងរង់ចាំដល់សប្តាហ៍ប្រឡងទើបទៅត្អូញត្អែរសុំពិន្ទុ។ ប្រសិនបើមានបញ្ហាថប់បារម្ភពេលប្រឡង គួរអនុវត្តលំហាត់ដកដង្ហើម ឬស្វែងរកការប្រឹក្សា។
៤. គ្រឿងស្រវឹងអាចបំផ្លាញអនាគត និងផែនការសិក្សារបស់អ្នក
ការសេពគ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ដល់អ្នកផឹកទេ តែថែមទាំងដាក់សម្ពាធដល់មិត្តភក្តិដែលនៅមើលថែ។ ប្រសិនបើមិត្តភក្តិស្រវឹងរហូតដល់ដាស់មិនតឹង ត្រូវចាត់ទុកថាពួកគេសន្លប់ និងត្រូវហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ ដោយមិនត្រូវបណ្តោយឱ្យពួកគេគេងចោលឡើយ។ បន្ថែមពីនេះ គ្រឿងស្រវឹងធ្វើឱ្យបាត់បង់ការវិនិច្ឆ័យ ដែលអាចឈានទៅរកការសម្រេចចិត្តខុសឆ្គង ដូចជាការឆ្លងជំងឺផ្លូវភេទ ដែលអាចបំផ្លាញអនាគត និងផែនការសិក្សាទាំងស្រុង។
៥. កុំរង់ចាំដល់ពេលមានវិបត្តិទើបស្វែងរកជំនួយ
មិនថាបញ្ហាសុខភាពផ្លូវកាយ ផ្លូវចិត្ត ឬការសិក្សានោះទេ និស្សិតគួរស្វែងរកការប្រឹក្សាពីមណ្ឌលសុខភាព ឬអ្នកប្រឹក្សារបស់សាលាឱ្យបានលឿន មុនពេលបញ្ហាក្លាយជាធ្ងន់ធ្ងរ (ជាពិសេសនៅសប្តាហ៍ដំបូងៗ ដែលមិនសូវមានមនុស្សរង់ចាំច្រើន) ។ ត្រូវចងចាំថា សេវាកម្មទាំងនេះភាគច្រើន ត្រូវបានបូកបញ្ចូលក្នុងការបង់ថ្លៃ សិក្សារបស់អ្នករួចទៅហើយ។
សរុបសេចក្តីមក៖ និស្សិតដែលទទួលបានជោគជ័យ មិនមែនជាអ្នកដែលរៀនពូកែឥតខ្ចោះ ឬមិនធ្លាប់ជួបបញ្ហានោះទេ ប៉ុន្តែពួកគេគឺជាអ្នកដែលចេះពីរបៀប កន្លែង និងពេលវេលាដ៏ស័ក្តិសម ក្នុងការស្វែងរកជំនួយ ដើម្បីជម្នះឧបសគ្គទាំងនោះ។
ប្រែសម្រួល៖ គីរី
