ព័ត៌មានអន្តរជាតិ

ព្រះអង្គម្ចាស់ Harry និងអ្នកនាង Meghan រិះគន់ចំៗចំពោះការបំពានឯកជនភាព ក្រោយអ្នកប្រមាញ់រូបភាពលបលួចថតកូនៗនៅសាលារៀនក្នុងប្រទេសអង់គ្លេស

បរទេស៖ ព្រះអង្គម្ចាស់ Harry និងភរិយា អ្នកនាង Meghan Markle បានសម្តែងក្តីកង្វល់យ៉ាងខ្លាំងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងឯកជនភាព បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានក្រុមអ្នកប្រមាញ់រូបភាពអន្តរជាតិ (Paparazzi) បានលួចធ្វើសកម្មភាពនៅក្បែររបងសាលារៀនថ្មីរបស់កូនៗពួកគេ នៅក្នុងចក្រភពអង់គ្លេស។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hollywood Life កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ Harry និងអ្នកនាង Meghan បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមអ្នកថតរូប ដែលត្រូវបានគេប្រទះឃើញដើរក្រឡឹងជុំវិញបរិវេណសាលារៀនរបស់កុមារា Archie និងកុមារី Lilibet។

អ្នកនាំពាក្យរូបនេះបានចាត់ទុកសកម្មភាពរបស់ក្រុមអ្នកប្រមាញ់រូបភាព (Paparazzi) អន្តរជាតិថាជា “ការធ្វេសប្រហែសដ៏ហួសហេតុ”។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ទោះបីជាពួកគេចង់បានរូបថតអ្វីក៏ដោយ ទង្វើនេះមិនត្រឹមតែជាការបំពានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានទៅលើឯកជនភាពរបស់កុមារនោះទេ តែវាក៏ជាទង្វើដ៏ខ្វះការទទួលខុសត្រូវ និងមិនមានការពិចារណាទាល់តែសោះក្នុងការធ្វើសកម្មភាពបែបនេះនៅក្បែរបរិវេណសាលារៀន»។

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន ITV News បានឱ្យដឹងថា មន្ត្រីប៉ូលិសបានកំណត់អត្តសញ្ញាណប័ណ្ណបើកបរដែលត្រូវបានប្រើប្រាស់សម្រាប់ជួលរថយន្ត ដោយបញ្ជាក់ថាវាជារបស់អ្នកថតរូបអន្តរជាតិម្នាក់។ ប្រភពមួយបានប្រាប់សារព័ត៌មាននេះថា បុរសទាំងនោះបានប្រើប្រាស់រថយន្តប្រភេទវ៉ែន (Van) ពណ៌ស ដើម្បី “ធ្វើការសង្កេតការណ៍” លើសាលារៀនអស់រយៈពេលជាច្រើនម៉ោង។

ទោះជាយ៉ាងណាក៏ដោយ ទាំងសារព័ត៌មាន ITV News និងអាជ្ញាធរប៉ូលិសដែលកំពុងស៊ើបអង្កេតករណីនេះ សុទ្ធតែបានបដិសេធមិនបញ្ចេញឈ្មោះសាលារៀនជាសាធារណៈឡើយ ដើម្បីការពារសុវត្ថិភាពកុមារ។ របាយការណ៍ក៏បានបញ្ជាក់បន្ថែមថា សារព័ត៌មានក្នុងស្រុករបស់អង់គ្លេស បានគោរពតាមការស្នើសុំយ៉ាងខ្ជាប់ខ្ជួន ក្នុងការមិនលាតត្រដាងទីតាំងសាលារៀន និងទីតាំងលំនៅឋានបច្ចុប្បន្នរបស់គ្រួសារព្រះអង្គម្ចាស់ឡើយ។

ករណីនេះបានធ្វើឱ្យបញ្ហាសន្តិសុខ និងការតាមយាយីពីសំណាក់អ្នកប្រមាញ់រូបភាពមកលើគ្រួសារព្រះអង្គម្ចាស់ Harry ក្លាយជាប្រធានបទក្តៅគគុកឡើងវិញ ជាពិសេសនៅពេលដែលទង្វើទាំងនេះគំរាមកំហែងដល់សុវត្ថិភាព និងភាពស្ងប់ស្ងាត់របស់កុមារតូចៗនៅកន្លែងសិក្សា។

ប្រែសម្រួល៖ គីរី

Most Popular

To Top