ភ្នំពេញ៖អបអរសាទរ លោក ហែម ថុនពន្លឺ គ្រូបង្វឹកកីឡាហែលទឹកពាក់ជើងទានៃសហព័ន្ធកីឡា ក្នុងទឹកកម្ពុជា ដែលបានបញ្ចប់ដោយជោគជ័យ នូវការសិក្សា និងទទួលបាន វិញ្ញាបនបត្រពីសហព័ន្ធកីឡា ក្នុងទឹកអន្តរជាតិ (World Aquatics) ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតអន្តរជាតិផ្នែកយុវជន Swimming + Open Water Youth Coach E-Learning Course 2026 ដែលប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូណេស៊ី ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់តាមអនឡាញថា ដោយទទួលបានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូន លោក ហែម ថុនពន្លឺ គ្រូបង្វឹករបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទៅចូលរួមវគ្គបណ្តុះបណ្តាល Swimming + Open Water Youth Coach E-Learning Course 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។

លោក អគ្គលេខាធិការនៃសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបន្តថា ការចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ពង្រឹង ចំណេះដឹង ជំនាញ និងសមត្ថភាពបច្ចេកទេស របស់គ្រូបង្វឹក ជាពិសេសលើការបណ្តុះបណ្តាលកីឡាករ-កីឡាការិនីយុវជន ក្នុងវិស័យហែលទឹក និងហែលទឹកចម្ងាយឆ្ងាយ (Open Water Swimming)។ ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាធនធានដ៏សំខាន់មួយ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជា ឱ្យកាន់តែមានគុណភាព សមត្ថភាព និងរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕










