កីឡា

ខ្សែប្រយុទ្ធ Harry Kane បង្កើតកំណត់ត្រាថ្មី ជាប្រវត្តិសាស្ត្រ ក្នុងការបង្ហាញខ្លួន ឱ្យជម្រើសជាតិអង់គ្លេស

​បរទេស៖ ប្រធានក្រុមជម្រើសជាតិ អង់គ្លេស កីឡាករ Harry Kane បានស៊ុតបញ្ចូលទី ២ គ្រាប់ ដើម្បីបង្កើនចំនួន គ្រាប់បាល់សរុបកម្រិតអន្តរជាតិ របស់ខ្លួនដល់ ៩១ គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកទី ១២៥ ដែលជាកំណត់ត្រាបង្ហាញ ខ្លួនច្រើនបំផុត ក្នុងជ័យជម្នះ ៣-០ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក (Czechia) នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

​ខ្សែប្រយុទ្ធក្លឹប Bayern Munich វ័យ ៣៣ ឆ្នាំរូបនេះ បានតាមស្មើកំណត់ត្រារបស់អតីតអ្នកចាំទីវីរបុរស Peter Shilton ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុត សម្រាប់ក្រុមជម្រើសជាតិបុរសអង់គ្លេស ។ គេមានឱកាសបំបែកកំណត់ត្រានេះជាផ្លូវការ នៅពេលអង់គ្លេសត្រូវប៉ះក្រូអាស៊ី នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ នៅកីឡដ្ឋាន Wembley ដូចគ្នា។

​ក្នុងការប្រកួតពានរង្វាន់ Nations League នេះ Kane បានស៊ុតបាល់បញ្ចូលទីក្នុងប្រអប់គ្រោះថ្នាក់នៅនាទីទី ៤០ ដែលជាគ្រាប់បាល់ទី ៩០ របស់ខ្លួន និងបានបន្ថែមគ្រាប់ទី ២ ដោយការតែតបាល់ជ្រុងពីកីឡាករ Lewis Hall នៅនាទីទី ៥៧។ មុននោះបន្តិច គេក៏ជាអ្នកបញ្ជូនបាល់ខ្វែង (Cross) ដែលធ្វើឱ្យកីឡាករខ្សែការពារឆែក Vladimír Coufal ភ្លាត់ទាត់ចូលទីខ្លួនឯង បើកការនាំមុខឱ្យអង់គ្លេសផងដែរ។ ស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel អង់គ្លេសទទួលបានជ័យជម្នះ ៣ ប្រកួតជាប់គ្នា បន្ទាប់ពីចាញ់អេស្ប៉ាញ កាលពីប្រកួតបើកឆាក ហើយបច្ចុប្បន្នកំពុង ខិតជិតក្នុងការធានាកៅអីវគ្គបន្ត (Knockouts) នៃពានរង្វាន់ Nations League។

​ក្រោយចប់ការប្រកួត Kane បានរៀបរាប់ពីការតាមស្មើកំណត់ត្រារបស់លោក Shilton ថាជា “រឿងហួសពីការស្មាន” និងជា “កិត្តិយសដ៏ធំបំផុត” ដោយលោកបានបញ្ជាក់ថា៖ “ខ្ញុំស្រឡាញ់ការប្រមូលផ្តុំជម្រើសជាតិអង់គ្លេសរាល់ដង ខ្ញុំស្រឡាញ់ការលេងតំណាងឱ្យប្រទេសជាតិក្នុងផ្លូវដ៏ល្អបំផុត។ នេះមិនមែនជារឿងរបស់ខ្ញុំម្នាក់ឯងទេ គឺជារឿងរបស់ក្រុម ប៉ុន្តែការរកបានគ្រាប់បាល់ និងជួយក្រុមឱ្យឈ្នះ វាពិតជារាត្រីដ៏ល្អឥតខ្ចោះ។”

​Kane ដែលបានបង្ហាញខ្លួនដំបូងឱ្យអង់គ្លេសនៅខែមីនា ឆ្នាំ ២០១៥ និងស៊ុតចូលក្នុងរយៈពេលត្រឹមតែ ៨០ វិនាទី បច្ចុប្បន្នមានគ្រាប់បាល់នាំមុខអតីតខ្សែប្រយុទ្ធ Wayne Rooney ដែលឈរលេខ ២ ដល់ទៅ ៣៧ គ្រាប់។

​ជាការអបអរសាទរ លោក Peter Shilton ដែលធ្លាប់លេងឱ្យអង់គ្លេសពីឆ្នាំ ១៩៧០ ដល់ ១៩៩០ បានផ្ញើសារតាមរយៈវីដេអូនៅលើបណ្តាញសង្គម ដោយកោតសរសើរការខិតខំប្រឹង ប្រែងរបស់ Kane និងបានបញ្ជាក់ថា កំណត់ត្រាបង្ហាញខ្លួន ដែលខ្សែប្រយុទ្ធរូបនេះកំពុងសាង គឺអាចជាកំណត់ត្រាដែល “ប្រហែលជាគ្មានអ្នកអាច បំបែកបានឡើយ” នាពេលអនាគត៕

ប្រែសម្រួល៖ គីរី

Most Popular

To Top