កីឡា

លោក វ៉ាត់ ចំរើន ៖ ការប្រកួតនេះដើម្បីវាស់ស្ទង់ គុណផល​កីឡា​ជាតិ និងហ្វឹកហ្វឺន និងមន្ត្រីជំនាញកីឡាឲ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់

ភ្នំពេញ ៖ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួង ៣ និងសហព័ន្ធកីឡាជាតិទាំង៣២ រៀបចំ “ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦” ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមប្រធានបទ “កីឡាជាតិដើម្បីឯកភាពជាតិ”  ដែលបានកំណត់យកប្រភេទកីឡា ចំនួន៣២ ។

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម សន្និសីទសារព័ត៌មានស្តីអំពីការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦” ក្រោមប្រធានបទ “កីឡាជាតិដើម្បីឯកភាពជាតិ”  នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អមដោយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកនៃដ្ឋានកីឡា​ និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ នេះពិតជាមានសារៈសំខាន់សម្រាប់ ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីដែលមានសក្តានុពល ចូលរួម​ប្រមូលផ្តុំ​ជាមួយ​ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតអន្តរជាតិនានា និងដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។ ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា  ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំងសហការជាមួយក្រសួង ៣ និងសហព័ន្ធកីឡាជាតិទាំង៣២ ។

លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានបន្តថា ការប្រកួតប្រព្រឹត្តទៅរួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិ អូឡាំពិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា The Peak Mall  ស.ស.យ.ក រាជធានីភ្នំពេញ  មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា  មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន វិទ្យាល័យច្បារអំពៅ វិទ្យាល័យបឹងកេងកង វិទ្យាល័យជ្រោយចង្វារ ក្លឹបប៊ីយ៉ាផ្សារដេប៉ូ និងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន វិទ្យាល័យវត្តកោះ ទីលានបាល់ទះ ស្នងការដ្ឋាននគរបាល(វាលស្បូវ)។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ បានមានប្រសាសន៍ថា ការប្រកួតនេះសំដៅប្រកួតសាកល្បង វាស់ស្ទង់ គុណផល​កីឡា​ជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡាឲ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ ជាពិសេស ដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់​មន្ត្រី​បច្ចេ​ក​ទេ​ស​​បាន​បណ្តុះ​បណ្តាលរួចឲ្យ​អនុវត្ត​ការរៀបចំប្រកួតជាក់ស្ដែងលើទីលានប្រកួត ។កីឡាករ-កីឡា​កា​រិ​នី បាន​វាស់​ស្ទង់គុណ​ផល​កីឡា និងទទួលបានបទពិសោធន៍ពីការប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដាតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ដាហ្គេម ការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣  ឆ្នាំ២០២៨ (AUG)  ក្នុងន័យរៀបចំពិធី “បើក”  “បិទ” បដិសណ្ឋារកិច្ចឲ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍​ដ៏ឧត្តុងឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការនៃក្រសួងអប់រំ  បានបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ ពីម៉ោង១៨:០០ នៅពហុកីឡដ្ឋានជាតិ ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី។ ពិធីបិទការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ ជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦   ចាប់ពីម៉ោង ១៨:០០ នៅពហុកីឡដ្ឋានជាតិ ដោយបានការអញ្ជើញជាអធិបតីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top