កីឡា

លោក វ៉ាត់ ចំរើន ៖ ការប្រកួតនេះ មានសារសំខាន់ ក្នុងជ្រើសរើសអត្តពលិក មានសក្តានុពលកម្ពុជា ត្រៀមលក្ខណៈការប្រកួតអន្តរជាតិ ធំៗចំនួន ៣ នៅប្រទេសកម្ពុជា

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ នេះមានសារសំខាន់ សម្រាប់ជ្រើសរើសកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសក្តានុពល ចូលរួម​ប្រមូលផ្តុំ​ជាមួយ​ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួម ការប្រកួតអន្តរជាតិធំៗ ចំនួន ៣ នៅប្រទេសកម្ពុជា និងដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗ។

 
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងសន្និសីទ សារព័ត៌មានស្តីអំពីការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦” ក្រោមប្រធានបទ “កីឡាជាតិដើម្បីឯកភាពជាតិ”  នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អមដោយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកនៃដ្ឋានកីឡា​ និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។

 
លោក រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ប្រទេសកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹតិ្តការណ៍ការប្រកួតកីឡាសាក​​លវិទ្យាល័យ​អាស៊ាន ឆ្នាំ២០២៨  ដែលមាន ១១ ប្រទេស ព្រឹតិ្តការណ៍ការប្រកួតកីឡាជនពិការអាស៊ី (ប៉ារ៉ាហ្គេម) ដែលមាន ៤៥ ប្រទេស និង ព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ី ដែលមាន ៤៥ ប្រទេស។ ការប្រកួតនេះសំដៅប្រកួតសាកល្បង វាស់ស្ទង់ គុណផល​កីឡា​ជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡាឲ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ ជាពិសេស ដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់​មន្ត្រី​បច្ចេ​ក​ទេ​ស​​បាន​បណ្តុះ​បណ្តាលរួចឲ្យ​អនុវត្ត​ការរៀបចំប្រកួតជាក់ស្ដែងលើទីលានប្រកួត ។កីឡាករ-កីឡា​កា​រិ​នី បាន​វាស់​ស្ទង់គុណ​ផល​កីឡា និងទទួលបានបទពិសោធន៍ពីការប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដាតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ដាការប្រកួតកម្រិតអន្តរជាតិ។ ក្នុងន័យរៀបចំពិធី “បើក”  “បិទ” បដិសណ្ឋារកិច្ចឲ្យបានល្អ និងការដណ្តើមមេដាយការរៀបចំបច្ចេកទេសប្រកួតឲ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍​ដ៏ឧត្តុងឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា  ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំងសហការជាមួយក្រសួង ៣ និងសហព័ន្ធកីឡាជាតិទាំង៣២ ។ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួង ៣ និងសហព័ន្ធកីឡាជាតិទាំង៣២ រៀបចំ “ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦” ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមប្រធានបទ “កីឡាជាតិដើម្បីឯកភាពជាតិ”  ដែលបានកំណត់យកប្រភេទកីឡា ចំនួន៣២។

 
លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានបន្តថា ព្រឹតត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨វិញ្ញាសាប្រកួត៖ អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។ ដោយឡែក សម្រាប់កីឡាជាតិជនពិការមាន ១០ប្រភេទកីឡា លើ៤៦វិញ្ញាសាប្រកួត៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ កូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ ។

Most Popular

To Top