បរទេស៖ យោងតាមការចុះផ្សាយរបស់ Goal.com បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Endrick កំពុងពិចារណាចាកចេញពីក្លឹបអធិរាជស Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង (Loan) នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ ដើម្បីស្វែងរកឱកាសចូលលេងឲ្យបានច្រើន និងជួយសង្គ្រោះដល់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
កង្វះឱកាសក្រោមការដឹកនាំរបស់លោក Jose Mourinho៖ ថ្វីត្បិតតែកាលពីរដូវក្តៅ Endrick បានសម្រេចចិត្តបន្តស្នាក់នៅកីឡដ្ឋាន Santiago Bernabeu ដើម្បីប្រជែងដណ្តើមតំណែងក្នុងក្រុមក៏ពិតមែន ប៉ុន្តែការប្រកួតក្នុងខែដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Jose Mourinho បានបង្ហាញយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់គ្រូបង្វឹករូបនេះ មិនបានផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់រូបគេនោះទេ។ ភាពចង្អៀតខ្លាំងនៅតំបន់ប្រយុទ្ធ បានធ្វើឲ្យ Endrick ធ្លាក់ទៅនៅលំដាប់ក្រោមគេ ហើយពុំសូវទទួលបាននាទីចូលលេង។
Aston Villa ជាបេក្ខភាពឈានមុខគេ៖ ក្លឹប Aston Villa នៃក្របខ័ណ្ឌ Premier League កំពុងលេចធ្លោជាងគេក្នុងការប្រជែងយកកីឡាករវ័យក្មេងរូបនេះ។ ការផ្លាស់ទៅកាន់កីឡដ្ឋាន Villa Park នឹងក្លាយជាជំហានដ៏ធំមួយសម្រាប់ Endrick ដោយរូបគេនឹងមានឱកាសតេស្តសមត្ថភាពក្នុងលីគដែលមានល្បឿនលឿនបំផុតលើលោក ព្រមទាំងបានធ្វើការជាមួយអ្នកចាត់ការដែលល្បីល្បាញខាងបណ្តុះបណ្តាលកីឡាករប្រយុទ្ធវ័យក្មេងផងដែរ។ ទាក់ទាញចិត្តនៃលីគអង់គ្លេស និងគម្រោងរបស់ Aston Villa កំពុងធ្វើឱ្យក្លឹបនេះមានប្រៀបជាងគេ។
ក្រៅពី Aston Villa ក្លឹបនៅអ៊ីតាលី AS Roma ក៏បានបង្ហាញចំណាប់អារម្មណ៍ជាថ្មីម្តងទៀតក្នុងការចង់បាន Endrick ខណៈដែលក្លឹបបារាំង Lyon ក៏ស្ថិតក្នុងចំណោមក្រុមដែលកំពុងតាមដានកីឡាកររូបនេះផងដែរ។
ជារួម នៅពេលដែលទីផ្សារខែមករាកាន់តែខិតជិតមកដល់ ទាំងសាមីកីឡាករ និងក្លឹប Real Madrid កំពុងយល់ឃើញកាន់តែច្បាស់ថា ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើង គឺជាជម្រើសដ៏ល្អ និងស័ក្តិសមបំផុត ដើម្បីធានាថាការអភិវឌ្ឍអាជីពរបស់យុវជនរូបនេះ មិនត្រូវផ្អាក ឬរាំងស្ទះក្នុងដំណាក់កាលដ៏សំខាន់នេះនោះទេ៕
ប្រែសម្រួល៖ គីរី
