បរទេស៖ ក្លឹប Atletico Madrid ត្រូវបានរាយការណ៍ថាកំពុងរៀបចំផែនការដ៏មហិច្ឆតាមួយ ក្នុងការនាំយកប្រធានក្រុម Manchester United កីឡាករ Bruno Fernandes នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដើម្បីពង្រឹងក្រុមឱ្យក្លាយជាម្ចាស់ជើងឯកនៅតំបន់អឺរ៉ុប នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
យោងតាមសារព័ត៌មាន CaughtOffside ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ ៣២ ឆ្នាំរូបនេះ បានក្លាយជាគោលដៅកំពូលរបស់ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ ខណៈកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Old Trafford នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៧។ ការចុះហត្ថលេខាយក Fernandes គឺជាសារបញ្ជាក់យ៉ាងច្បាស់ពីមហិច្ឆតារបស់លោក Diego Simeone ក្នុងការប្រែក្លាយក្រុមឱ្យទៅជាអ្នកឈ្នះពានរង្វាន់ធំៗ។
ចំណាប់អារម្មណ៍របស់ Atletico Madrid ទៅលើខ្សែបម្រើរូបនេះមិនមែនជារឿងថ្មីនោះទេ។ លោក Simeone បានចាប់អារម្មណ៍នឹងសមត្ថភាពរបស់ Fernandes តាំងពីឆ្នាំ២០១៧ មកម្ល៉េះ កំឡុងពេលដែលរូបគេកំពុងលេងឱ្យក្លឹប Sporting CP ហើយត្រូវប្រកួតទល់នឹងក្រុម Atletico ក្នុងពានរង្វាន់ Europa League។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្លាប់បានបង្ហាញការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Fernandes ដោយធ្លាប់បានបញ្ជាក់ថា៖ “ប្រសិនបើខ្ញុំអាចចុះហត្ថលេខាយកកីឡាករតែម្នាក់គត់ពីទ្វីបអឺរ៉ុប នោះគឺ Bruno Fernandes”។
ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីលោក Simeone ក៏ដោយ ការនាំយកកីឡាកររូបនេះមិនមែនជារឿងងាយស្រួលនោះទេ ដោយក្លឹប Atletico ត្រូវត្រៀមខ្លួនប្រកួតប្រជែងជាមួយក្លឹបផ្សេងៗទៀត ព្រមទាំងត្រូវដោះស្រាយបញ្ហាលក្ខខណ្ឌហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងផងដែរ។
ប្រែសម្រួល៖ គីរី
