ទីក្រុងយ៉ុងអ៊ីន ៖ កីឡាករ Son Heung-min បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រ (All-time goals leader) សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបុរសកូរ៉េខាងត្បូង បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ទី ៥៩ របស់ខ្លួន ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
ការបំបែកកំណត់ត្រាថ្មី៖ គ្រាប់បាល់ជាប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើសម្រេចដោយការទាត់បាល់ពិន័យ (Free kick) នៅនាទីទី ៦ ក្នុងកីឡដ្ឋាន Yongin Mireu ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាស្មើជាមួយអតីតខ្សែប្រយុទ្ធលោក Cha Bum-kun។ Son ធ្លាប់បានតាមស្មើកំណត់ត្រារបស់លោក Cha តាមរយៈគ្រាប់បាល់ក្នុងការប្រកួតទល់នឹងអ៊ុយរូហ្គាយកាលពីថ្ងៃចន្ទសប្តាហ៍មុន ហើយត្រូវការត្រឹមតែការប្រកួត ២ លើកទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់កំណត់ត្រាថ្មីផ្តាច់មុខនេះ។
កំណត់ត្រាបង្ហាញខ្លួនច្រើនបំផុត៖ ក្រៅពីកំណត់ត្រាស៊ុតបញ្ចូលទីបំបែកឯតទគ្គកម្ម Son ក៏ជាកីឡាករបុរសដែលបង្ហាញខ្លួននៅលើទីលានច្រើនជាងគេបំផុតឱ្យជម្រើសជាតិផងដែរ ពោលគឺរហូតដល់ទៅ ១៥១ ប្រកួត។
ការបង្ហាញខ្លួន និងគ្រាប់បាល់ដំបូង៖ លោកបានបង្ហាញខ្លួនជាលើកដំបូងឱ្យជម្រើសជាតិនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ក្នុងការប្រកួតទល់នឹងស៊ីរី និងរកបានគ្រាប់បាល់ដំបូងរបស់ខ្លួនទល់នឹងឥណ្ឌា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ ក្នុងព្រឹត្តិការណ៍ AFC Asian Cup។
Son បានតំណាងឱ្យប្រទេសកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ FIFA World Cup ដល់ទៅ ៤ លើក (ឆ្នាំ២០១៤, ២០១៨, ២០២២ និង ២០២៦) ព្រមទាំងព្រឹត្តិការណ៍ Asian Cup ចំនួន ៤ លើកដូចគ្នា (ឆ្នាំ២០១១, ២០១៥, ២០១៩ និង ២០២៣)។
គួរជម្រាបផងដែរថា បើគិតជារួមទាំងបុរសនិងនារី កីឡាការិនី Ji So-yun ដែលជាតារាឆ្នើមដ៏យូរអង្វែងរបស់ក្រុមជម្រើសជាតិនារី គឺជាអ្នកដែលកាន់កាប់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបំផុតប្រចាំប្រទេស ដោយរកបាន ៧៦ គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៨២ ប្រកួត៕
ប្រែសម្រួល៖ គីរិ
