បរទេស៖ អតីតអ្នកចាត់ការទូទៅ ក្រុមបិសាចក្រហម លោក Louis van Gaal បានលើកឡើងថា ការចោទប្រកាន់ជុំវិញ ការបំពានច្បាប់ហិរញ្ញវត្ថុរបស់ក្លិប Manchester City គឺជាមូលហេតុដោយប្រយោល ដែលឈានដល់ការបណ្តេញ លោកចេញពីតំណែងយ៉ាងចម្រូងចម្រាសកាលពីឆ្នាំ២០១៦។ បញ្ហានេះកើតឡើង បន្ទាប់ពីលោកបានដឹកនាំ Man Utd ឱ្យរបូតកៅអី Champions League ទៅក្នុងដៃក្រុម Man City ដោយសារចាញ់គ្រាប់បាល់ចំណេញ ទោះបីជាពេលនោះលោកទើបតែជួយក្លិបឈ្នះពានរង្វាន់ FA Cup ក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ជឿជាក់ថាការចោទប្រកាន់លើកំហុសឆ្គងផ្នែកហិរញ្ញវត្ថុរបស់ Man City ពិតជាធ្វើឱ្យលោកបាត់បង់ការងារនៅ United ប្រាកដមែន។ លោកត្រូវបានក្លិបបញ្ចប់តំណែងនៅចុងបញ្ចប់រដូវកាល ២០១៥-១៦ បន្ទាប់ពីខកខានក្នុងការដណ្តើមកៅអីលេងពានរង្វាន់លំដាប់ទី១អឺរ៉ុប (Champions League)។
នារដូវកាលនោះ ក្រុមបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌ Premier League ដោយរបូតកៅអីចុងក្រោយទៅឱ្យក្រុមរហស្សនាមមេឃខៀវ។ ក្លិបនៅទីក្រុង Manchester ទាំងពីរនេះ បានបញ្ចប់រដូវកាលដោយមាន ៦៦ពិន្ទុដូចគ្នា ប៉ុន្តែក្រុមរបស់លោក Manuel Pellegrini បានគ្រងតំណែងលេខ៤ ដោយសារមានគ្រាប់បាល់ចំណេញច្រើនជាង។
ថ្មីៗនេះ គណៈកម្មការនិយតករក្របខណ្ឌ Premier League បានរកឃើញថា ការកសាងក្រុមរបស់ City ក្នុងអំឡុងពេលនោះ គឺមានការពាក់ព័ន្ធនឹងការប្រើប្រាស់កិច្ចព្រមព្រៀងឧបត្ថម្ភ “ក្លែងបន្លំ” ដោយបានបំប៉ោងប្រាក់ចំណូលខុសប្រក្រតីចន្លោះពីឆ្នាំ២០០៩ ដល់២០១៨។
គ្រូបង្វឹកវ័យ ៧៥ឆ្នាំរូបនេះ បានបើកកកាយពីទុក្ខលំបាកផ្ទាល់ខ្លួនជុំវិញការចាកចេញពីទឹកដី Old Trafford ដោយលោកត្រូវបានបណ្តេញចេញត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីឈ្នះពាន FA Cup ខណៈដែលនាយកប្រតិបត្តិលោក Ed Woodward បានត្រៀមលោក Jose Mourinho មកជំនួសរួចជាស្រេច។
លោក Van Gaal បានប្រាប់សារព័ត៌មាន The Athletic ថា៖ “សម្រាប់ខ្ញុំនៅពេលនោះ ការរបូតកៅអី Champions League ក្នុងឆ្នាំ២០១៦ ប្រហែលជាកត្តាសម្រេចចិត្តដ៏ធំបំផុត ដែលធ្វើឱ្យខ្ញុំត្រូវបណ្តេញចេញពី Manchester United ព្រមទាំងនាំមកនូវផលវិបាក និងការឈឺចាប់ទាំងអស់នេះ។”
លោក Van Gaal បានទទួលស្គាល់ថា ពេលវេលារបស់លោកនៅអង់គ្លេស ប្រហែលជានឹងបញ្ចប់ដោយភាពរីករាយជាងនេះ ប្រសិនបើវាជាការប្រកួតប្រជែងដោយយុត្តិធម៌។
ទោះជាយ៉ាងណាក៏ដោយ លោកទទួលយកថា សាលក្រមថ្មីៗរបស់ Premier League មកលើក្លិប Man City គឺវាយឺតពេលទៅហើយ ក្នុងការកែប្រែប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់លោក។
គម្លាតរវាងក្លិបទាំងពីរនៅទីក្រុង Manchester ក្នុងរដូវកាល ២០១៥-១៦ គឺប្រកៀកប្រកិតគ្នាខ្លាំងមែនទែន ប៉ុន្តែ United គឺជាក្រុមដែលមានកំណត់ត្រាប្រកួតទល់មុខគ្នា (Head-to-head) ល្អជាងគូប្រជែងរួមទីក្រុងរបស់ខ្លួននៅឆ្នាំនោះ ដោយជើងទី១នៅទឹកដី Old Trafford លោក Van Gaal បានដឹកនាំឱ្យលេងស្មើគ្មានគ្រាប់បាល់ ខណៈនៅជើងទី២ ខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះ ១-០ ឱ្យ United នៅកីឡដ្ឋាន Etihad។
ទោះបីជាមានលទ្ធផលល្អបែបនេះក៏ដោយ ប៉ុន្តែ City នៅតែអាចឆក់យកកៅអីពីគូប្រជែងរបស់ខ្លួន ដោយសារតែពួកគេមានគ្រាប់បាល់ចំណេញរហូតដល់ទៅ ១៦គ្រាប់ច្រើនជាង។ ជុំវិញរឿងនេះ លោក Van Gaal បានបញ្ជាក់ថា៖ “ខ្ញុំមិនអាចបង្វិលប្រវត្តិសាស្ត្រថយក្រោយបានទេ ពេលនេះ។ សូម្បីតែសមាគមបាល់ទាត់អង់គ្លេស (FA) ក៏មិនអាចធ្វើបែបនោះបានដែរ។”
ប្រែសម្រួល៖ គីរី
