កីឡា

គ្រូបង្វឹក Juventus ព្រមានកូនក្រុមឱ្យពង្រឹងសមត្ថភាព ទោះទើបទទួលជ័យជម្នះនៅ Europa League ក៏ដោយ

​បរទេស៖ គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Luciano Spalletti បានព្រមានកូនក្រុមរបស់ខ្លួនថា ពួកគេចាំបាច់ត្រូវតែពង្រឹងស្តង់ដារលេងរបស់ខ្លួនឱ្យបានល្អជាងនេះ ទោះបីជាពួកគេទើបតែទទួលបានជ័យជម្នះ ២-១ ទាំងប្រផិតប្រផើយទៅលើក្រុម Celta Vigo ក្នុងព្រឹត្តិការណ៍ Europa League ក៏ដោយ។ ថ្វីត្បិតតែលោកបានសរសើរ ពីឆន្ទៈចង់ឈ្នះរបស់ក្រុម ប៉ុន្តែអ្នកចាត់ការទូទៅរូបនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីកំហុសបច្ចេកទេសជាច្រើន ដែលបានកើតឡើងក្នុងអំឡុងពេលប្រកួត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOALថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។

ទោះបីជាបានឃើញខ្សែប្រយុទ្ធ Randal Kolo Muani ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីទី៩២ ដើម្បីយកឈ្នះ Celta Vigo យ៉ាងណាក្តី លោក Spalletti បានផ្តល់ការវាយតម្លៃដោយស្មោះត្រង់ចំពោះទម្រង់លេងរបស់ក្រុម។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ យល់ថា ក្រុម Bianconeri (Juventus) លេងមិនទាន់អស់ពីសមត្ថភាពពិតប្រាកដរបស់ខ្លួននោះទេ នៅឯកីឡដ្ឋានក្នុងតំបន់ Galicia ។

​មុនមានការស៊ុតបញ្ចូលទីនៅនាទីបន្ថែម កីឡាករ Nick Woltemade បានស៊ុតតាមស្មើឱ្យ Juventus បន្ទាប់ពីកីឡាករ Hugo Alvarez រកបានគ្រាប់បាល់នាំមុខឱ្យ Celta Vigo ក្នុងតង់ទីមួយ។ ទោះជាយ៉ាងណា លោក Spalletti បានសង្កត់ធ្ងន់ថា លទ្ធផលជ័យជម្នះនេះ បានលាក់បាំងនូវចំណុចខ្វះខាតផ្នែកយុទ្ធសាស្ត្រ និងបច្ចេកទេសយ៉ាងច្រើនរបស់ក្រុម។

លោក Spalletti មិនបានលាក់បាំងការខកចិត្តឡើយ ពេលវាយតម្លៃទម្រង់លេងរបស់ Juventus ដោយលោកបានចង្អុលបង្ហាញថា កូនក្រុមខ្វះភាពមុតស្រួចក្នុងការគ្រប់គ្រងបាល់។

​លោកបានប្រាប់ឱ្យដឹងថា៖ “នៅក្នុងតង់ទីមួយ យើងមានភាពយឺតយ៉ាវបន្តិចចំពោះរាល់អ្វីដែលយើងបានធ្វើ។ យើងបានទុកពេលវេលាច្រើនពេកឱ្យពួកគេរៀបចំទម្រង់លេង។ ជារួម យើងបង្ហាញទម្រង់លេងដែលទាបជាងសមត្ថភាពរបស់យើង។ យើងត្រូវតែបង្កើនកម្រិតលេងឱ្យល្អជាងអ្វីដែលយើងបានបង្ហាញនៅថ្ងៃនេះ។ លទ្ធផល មិនមែនតែងតែឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការប្រកួតទាំងមូលនោះទេ។”

​លោកបានបន្ថែមថា៖ “ខ្ញុំគិតថាយើងបានធ្វើឱ្យប្រសើរឡើងនូវចំណុចជាច្រើនក្នុងតង់ទីពីរ ប៉ុន្តែយើងនៅតែបង្កើតកំហុសបច្ចេកទេស និងមានសកម្មភាពស្ទាក់ស្ទើរច្រើនពេកដដែល។”

ទោះបីជាមានការព្រួយបារម្ភផ្នែកយុទ្ធសាស្ត្រក៏ដោយ លោក Spalletti បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កូនក្រុម ដែលបន្តវាយសម្រុកស្វែងរកគ្រាប់បាល់រហូតដល់ផ្លុំកញ្ចែបញ្ចប់ការប្រកួត។
​លោកបានកត់សម្គាល់ថា៖ “ខ្ញុំក៏បានឃើញរឿងវិជ្ជមានមួយចំនួនផងដែរ ដូចជាការតាំងចិត្តក្នុងការស្វែងរកគ្រាប់បាល់។ រាល់ពេលដែលយើងមានបាល់ យើងបន្តវាយសម្រុករហូតដល់វិនាទីចុងក្រោយ។ ទីបំផុត យើងទទួលបានរង្វាន់សក្តិសម ទាំងសម្រាប់ការផ្លាស់ប្តូរកីឡាករ និងស្មារតីរបស់ក្រុមនៅលើទីលាន។ ខ្ញុំបានឃើញពីឆន្ទៈដែលមិនព្រមស្កប់ស្កល់ត្រឹមលទ្ធផលស្មើ ប៉ុន្តែជាការតាំងចិត្តចេញទៅដើម្បីដណ្តើមជ័យជម្នះ។”

សម្រាប់ការប្រកួតក្របខណ្ឌ Europa League ជុំទី៣ បន្ទាប់ Juventus នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម Rennes ក្នុងគោលដៅបន្តកំណត់ត្រាឈ្នះរបស់ខ្លួន ខណៈដែលក្រុម Celta Vigo នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុម Celtic សម្រាប់ការប្រកួតជើងបន្ទាប់ ដើម្បីស្តារស្ថានការណ៍ឡើងវិញ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top