សេអ៊ូល ៖ ទីភ្នាក់ងារគ្រប់គ្រង របស់ក្រុមចម្រៀង K-pop ដ៏ល្បីល្បាញ BTS បានប្រកាសកាលពីថ្ងៃសុក្រថា BTS បានក្លាយជាក្រុមតន្ត្រីដំបូងគេបង្អស់ នៅលើពិភពលោក ដែលទទួលបានការស្តាប់ (streams) សរុបចំនួន ១០ពាន់លានដង នៅលើកម្មវិធី Spotify ត្រឹមតែក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ x នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
យោងតាមទីភ្នាក់ងារ BigHit Music បានឱ្យដឹងថា ថ្វីត្បិតតែកន្លងមកមានសិល្បករទោលដូចជា Taylor Swift, Ariana Grande និង Bad Bunny ធ្លាប់សម្រេចបានកំណត់ត្រានេះក៏ដោយ ប៉ុន្តែនេះគឺជាលើកទីមួយហើយសម្រាប់ទម្រង់ជាក្រុម ដែលអាចបំបែកកំណត់ត្រាមានអ្នកស្តាប់លើសពី ១០ពាន់លានដងនៅលើ Spotify។
ចំនួននៃការស្តាប់បទចម្រៀងរបស់ក្រុម BTS នៅលើកម្មវិធី Spotify មានការកើនឡើងជាងទ្វេដង ពោលគឺកើនពី ៤,៥ពាន់លានដង កាលពីឆ្នាំមុន ដោយសារតែការជំរុញពីអាល់ប៊ុមស្ទូឌីយោទី៥ របស់ពួកគេដែលមានចំណងជើងថា “Arirang” (អារីរ៉ាំង) ដែលបានចេញផ្សាយកាលពីខែមីនា។
ត្រឹមតែអាល់ប៊ុមមួយនេះប៉ុណ្ណោះ គឺទទួលបានការស្តាប់ជាង ៥ពាន់លានដង ទៅហើយចាប់តាំងពីថ្ងៃចេញផ្សាយ ដែលធ្វើឱ្យវាក្លាយជាអាល់ប៊ុម ដែលមានអ្នកស្តាប់ច្រើនជាងគេបំផុតនៅលើ Spotify ក្នុងចំណោមអាល់ប៊ុមទាំងអស់ដែលបានចេញផ្សាយក្នុងឆ្នាំនេះ។
អាល់ប៊ុម “Arirang” នេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាជាគម្រោង ដែលមានការចូលរួមពីសមាជិកពេញលេញជាលើកដំបូង របស់ក្រុម K-pop ដ៏មានប្រជាប្រិយភាពជាសកលមួយនេះ ក្នុងរយៈពេលជិត ៤ឆ្នាំ បន្ទាប់ពីសមាជិកទាំងអស់បានបញ្ចប់ការបម្រើយោធាជាកាតព្វកិច្ច និងបានជួបជុំគ្នាឡើងវិញ។ អាល់ប៊ុមនេះទទួលបានការស្តាប់លើសពី ១១០លានដង ត្រឹមតែថ្ងៃចេញផ្សាយដំបូងកាលពីថ្ងៃទី២០ ខែមីនា។
លើសពីនេះ វាក៏បានក្លាយជាអាល់ប៊ុម របស់ក្រុមតន្ត្រីដំបូងគេ ដែលបានឈរនៅលើកំពូលតារាង Billboard 200 (ដែលជាតារាងអាល់ប៊ុមចម្រៀង ដ៏សំខាន់របស់សហរដ្ឋអាមេរិក) រយៈពេល ៣សប្តាហ៍ជាប់ៗគ្នា គិតចាប់តាំងពីអាល់ប៊ុម “Babel” របស់ក្រុម Mumford & Sons ធ្លាប់ធ្វើបានកាលពីឆ្នាំ២០១២ មក។
ប្រែសម្រួល៖ គីរី
