សិល្បៈ និង កម្សាន្ត

តារាសម្តែង Zendaya ត្រៀមបង្ហាញខ្លួនក្នុង ភាពយន្តបែបវិទ្យាសាស្ត្រ (Sci-Fi) ថ្មីរបស់ផលិតកម្ម A24 ក្រោមការដឹកនាំរឿងដោយលោក Alex Garland

​បរទេស៖ បន្តភាពជោគជ័យដ៏ត្រចះត្រចង់របស់ខ្លួន ក្នុងឆ្នាំ ២០២៦ នេះ តារាសម្តែងស្រីល្បីឈ្មោះ Zendaya បានចុះកិច្ចព្រមព្រៀងចូលរួមសម្តែង ក្នុងភាពយន្តបែបរឿងប្រឌិតវិទ្យាសាស្ត្រ (Sci-Fi) ថ្មីមួយរបស់ផលិតកម្ម A24 ដែលសរសេរអត្ថបទនិងដឹកនាំរឿង ដោយលោក Alex Garland។ រហូតមកទល់ពេលនេះ ភាពយន្តនេះមិនទាន់ត្រូវបានបញ្ចេញចំណងជើងជាផ្លូវការ នៅឡើយទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។

​គម្រោងថ្មីនេះ គឺជាការសហការបន្តរវាងតារាសម្តែង ជួរមុខរូបនេះ ជាមួយនឹងស្ទូឌីយោ A24 បន្ទាប់ពីភាពជោគជ័យនៃស៊េរីរឿងភាគទូរទស្សន៍ HBO «Euphoria» ដែលទើបតែបញ្ចប់ការថត និងចាក់ផ្សាយកន្លងទៅ។ រឿង «Euphoria» នេះហើយដែលបានជួយឱ្យនាងឈ្នះពានរង្វាន់ Emmys ជាច្រើន ពានរង្វាន់ Golden Globe និងពានរង្វាន់កិត្តិយសធំៗដទៃទៀត។

​បន្ថែមពីនេះ Zendaya ក៏បានសហការជាមួយ A24 ក្នុងភាពយន្តរ៉ូមែនទិកកំប្លែងបែបងងឹត (Darkly Comedic Rom-Com) ចំណងជើងថា «The Drama» របស់លោក Kristoffer Borgli ដោយនាងបានសម្តែងគូជាមួយលោក Robert Pattinson និងរកចំណូលទូទាំងពិភពលោកបានជាង ១៣៤លានដុល្លារ។ មុននេះ នាងក៏ត្រូវបានគេរាយការណ៍ថា នឹងសម្តែងជាតារាចម្រៀង Ronnie Spector ក្នុងភាពយន្ត «Be My Baby» របស់ផលិតកម្ម A24 ដែលដឹកនាំរឿងដោយលោក Barry Jenkins ផងដែរ។

​ចំពោះសាច់រឿងលម្អិតនៃគម្រោងភាពយន្តថ្មីរបស់លោក Garland ត្រូវបានគេរក្សាទុកជាការសម្ងាត់នៅឡើយ ដោយខ្សែភាពយន្តនេះគ្រោងនឹងចាប់ផ្តើមការថតនៅឆ្នាំក្រោយ។ គម្រោងនេះនឹងបន្តរក្សាចំណងមិត្តភាពការងារដ៏យូរអង្វែងរវាងផលិតករ និងស្ទូឌីយោ ដោយផលិតកម្ម A24 ធ្លាប់បានធ្វើការជាមួយលោក Garland តាំងពីភាពយន្តដ៏ល្បីដែលបានជាប់ឈ្មោះដណ្តើមពានរង្វាន់អូស្ការ «Ex Machina» មកម៉្លេះ។ ស្នាដៃផ្សេងទៀតដែលពួកគេបានសហការគ្នាមានដូចជារឿង «Warfare», «Civil War», «Men» និងភាពយន្តខ្នាតធំដែលដកស្រង់ចេញពីវីដេអូហ្គេម «Elden Ring» ដែលត្រៀមនឹងចេញផ្សាយនាពេលខាងមុខ។

​គួររំលឹកផងដែរថា ភាពយន្ត «Elden Ring» (Live-action) របស់លោក Garland ដែលមានការចូលរួមសម្តែងដោយ Kit Connor, Cailee Spaeny, Ben Whishaw និងតារាជាច្រើនទៀត ត្រូវបានកំណត់កាលបរិច្ឆេទចាក់បញ្ចាំងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៨។ ក្រៅពីការងារនៅផលិតកម្ម A24 ថ្មីៗនេះ លោកក៏បានសរសេរអត្ថបទ និងធ្វើជាផលិតកររឿង «28 Years Later» និង «28 Years Later: The Bone Temple» សម្រាប់ផលិតកម្ម Sony Pictures ផងដែរ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top