កីឡា

យុទ្ធសាស្ត្រថ្មី របស់លីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងការប្រជែងយកទីផ្សារអ្នកគាំទ្រ នៅសហរដ្ឋអាមេរិក

​បរទេស៖ លីគកំពូលអាល្លឺម៉ង់ Bundesliga កំពុងដើរតួនាទីយ៉ាងសកម្មក្នុង ការប្រកួតប្រជែងដណ្តើមយកចំណែកទីផ្សារ និងប្រជាប្រិយភាពនៅក្នុងសហរដ្ឋអាមេរិក ដោយប្រជែងដោយផ្ទាល់ជាមួយនឹងក្របខ័ណ្ឌ Premier League របស់អង់គ្លេស និងលីគក្នុងស្រុក MLS តាមរយៈការទាញយកប្រយោជន៍ពីសន្ទុះ នៃការប្រកួត World Cup ការចុះកិច្ចព្រមព្រៀងសិទ្ធិផ្សាយថ្មីៗ និងការប្រើប្រាស់ឥទ្ធិពលរបស់កីឡាករលំដាប់ពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

ការកសាងសហគមន៍អ្នកគាំទ្រគឺជាជំហានដំបូងដ៏សំខាន់។ ជាក់ស្តែង ក្រុម “Bayern Red Ladies” ដែលជាក្លិបអ្នកគាំទ្រជាស្ត្រីអន្តរជាតិដំបូងគេបង្អស់របស់ក្លិប Bayern Munich បានរីកចម្រើនរហូតមានសមាជិកជាង ៣០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នា រួមទាំងវត្តមានយ៉ាងរឹងមាំនៅអាមេរិក។ សហគមន៍បែបនេះ បានផ្តល់ទីតាំងប្រកបដោយបរិយាបន្នសម្រាប់អ្នកគាំទ្រ ដែលជាកត្តាស្នូលក្នុងការរក្សាមូលដ្ឋានអ្នកគាំទ្រឱ្យបានយូរអង្វែង។

លោក Robin Austermann អនុប្រធានប្រតិបត្តិរបស់ Bundesliga ប្រចាំតំបន់អាមេរិក បានគូសបញ្ជាក់ថា លីគកំពុងព្យាយាមបំប្លែងចំណាប់អារម្មណ៍របស់អ្នកគាំទ្រក្រោយព្រឹត្តិការណ៍ World Cup ឱ្យក្លាយជាការតាមដានរដូវកាលលីគទាំងមូល។

​ដើម្បីសម្រេចគោលដៅនេះ ភាពងាយស្រួលក្នុងការទស្សនា (Accessibility) គឺជាកត្តាស្លាប់រស់។ ការចាកចេញពីប្រព័ន្ធបង់ប្រាក់ទាំងស្រុង (Paywall) របស់ ESPN ពីមុន មកកាន់កិច្ចព្រមព្រៀងសិទ្ធិផ្សាយថ្មី បានបើកទូលាយការឈានដល់ទស្សនិកជនយ៉ាងច្រើន យល់ព្រមក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ សម្រាប់រយៈពេល ៥រដូវកាល ជាមួយស្ថាប័ន USA Network និង Fandango ដោយមានការប្រកួតខ្លះចាក់ផ្សាយដោយឥតគិតថ្លៃ។

​ឥទ្ធិពលតារាបាល់ទាត់ Harry Kane និងកីឡាករអាមេរិក
ថ្វីដ្បិតតែមិនមែនជាការទិញយកដើម្បីតែទីផ្សារអាមេរិក ប៉ុន្តែវត្តមានរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នៅ Bayern Munich បានក្លាយជាមេដែកដ៏ធំមួយក្នុងការទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនអាមេរិកឱ្យងាកមកមើលលីគអាល្លឺម៉ង់។ ទន្ទឹមនឹងនេះ កត្តាប្រវត្តិសាស្ត្រដែល Bundesliga ជាលីគធ្លាប់មានកីឡាករអាមេរិកទៅប្រកបអាជីពច្រើនជាងគេ (ជាង ៨០នាក់) ក៏ជាស្ពានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងលីគ និងអ្នកគាំទ្រនៅសហរដ្ឋអាមេរិកផងដែរ។

​Bundesliga មិនត្រឹមតែលក់ការប្រកួតនោះទេ ប៉ុន្តែលក់នូវរឿងរ៉ាវ និងវប្បធម៌។ លីគបានប្រើប្រាស់អ្នកផលិតមាតិកា (Creators) ដើម្បីប្រាប់ពីរឿងរ៉ាវដ៏ទាក់ទាញរបស់ក្លិបមានប្រវត្តិយូរលង់ដូចជា Dortmund និង Frankfurt។ បន្ថែមពីនេះ ការរៀបចំកម្មវិធីផ្ទាល់នៅអាមេរិក ដូចជាកម្មវិធីបុណ្យស្រាបៀរ Oktoberfest របស់ Bayern Munich នៅទីក្រុងញូវយ៉ក បាននាំយកនូវវប្បធម៌ដើមពិតប្រាកដរបស់រដ្ឋបាវ៉ារៀ (Bavarian) ទៅកាន់អ្នកគាំទ្រអាមេរិកដោយផ្ទាល់ ដែលឆ្លុះបញ្ចាំងពីបរិយាកាសអ្នកគាំទ្រដ៏រស់រវើក និងមិនអាចកាត់ថ្លៃបានរបស់បាល់ទាត់អាល្លឺម៉ង់។

​ជារួម តាមរយៈការរួមបញ្ចូលគ្នានូវវត្តមានកីឡាករលំដាប់ពិភពលោក យុទ្ធសាស្ត្រផ្សព្វផ្សាយបែបប្រជាសាស្រ្តច្បាស់លាស់ និងការអភិរក្សវប្បធម៌បាល់ទាត់ដ៏រស់រវើក Bundesliga កំពុងបោះជំហានយ៉ាងរឹងមាំក្នុងការកសាងទីផ្សារ និងប្រជែងយកបេះដូងអ្នកគាំទ្រនៅក្នុងសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ គីរី

Most Popular

To Top