ភ្នំពេញ ៖ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡា ហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ១៩ រូប ចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតជើងឯកហែលទឹកពាក់ជើងទា លើកទី៣របស់ CMAS អាស៊ីអាគ្នេយ៍ និងការប្រកួតជើងឯកហែលទឹក ពាក់ជើងទាលើកទី១ របស់ CMAS អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៦ “3rd CMAS Southeast Asia Finswimming Championships & 1st CMAS Southeast Asia Age Group Finswimming Championships 2026 “ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ។

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជាតំណាងឲ្យលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា និង លោក Liu Ru Bing អ្នកចាត់ការទូទាំងក្រុមហ៊ុនCHN Sports របស់ប្រទេសចិន បានជួបសំណោះសំណាល់ និងប្រគល់សម្ភារ ព្រមទាំងថវិកាមួយចំនួនដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាកម្ពុជាចំនួន ១៩ រូបមុនចេញដំណើរចូលរួម “3rd CMAS Southeast Asia Finswimming Championships & 1st CMAS Southeast Asia Age Group Finswimming Championships 2026 នៅប្រទេសម៉ាឡេស៊ី។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ឲ្យថា នេះជាការប្រគល់សម្ភារដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាកម្ពុជានឹងចេញដំណើរចូលរួមនាពេលខាងមុខនេះនៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ហើយឆ្នាំនេះការបញ្ជូនក្រុមអត្តពលិកហែលទឹកពាក់ជើងទាមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីការប្រកួតលើកទី២ នៅប្រទេសឥណ្ឌូនេស៊ី ។

សហព័ន្ធទទួលបានគាំទ្រពីក្រុមហ៊ុនCHN រយៈពេល ២ ឆ្នាំ កាលពីថ្មីៗនេះសហព័ន្ធ និងក្រុមហ៊ុនបានចុះMOU ជាមួយគ្នានោះ នាពេលក្រុមហ៊ុនបានផ្តល់សម្ភារៈឯកសណ្ឋាន និងសម្ភារៈមួយចំនួនធំដល់ក្រុមអត្តពលិកហែលទឹកពាក់ជើងទា និងហែលទឹកស្ថិតក្នុងក្រុមជម្រើសជាតិទំាងមូលនៅពេលចូលរួមការប្រកួតកម្រិតអន្តរជាតិ។

លោក Liu Ru Bing អ្នកចាត់ការទូទាំងក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានសម្តែងការសប្បាយចិត្តរីករាយក្រៃលែងដែលបានចូលរួមកម្មវិធីនាពេលនេះ ។ កន្លងទៅសហព័ន្ធបានបញ្ជូនការប្រកួតនេះនៅប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយយ៉ាងខ្លាំង ហើយលើករូបលោកសង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាកម្ពុជាទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
សហព័ន្ធកីឡាក្នុងទឹកកម្ពុជាបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាហែលទឹកពាក់ជើងទាកម្ពុជាចំនួន ១៩ រូប រួមមាន៖លោក ហែម ថុនពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាការិនី លឹម សុខគន្ធពណ៍ ហួន ទិត្យដាលីន កីឡាការិនី អ៊ុង សែននី កីឡាការិនី មូល សុនីតា និង កីឡាការិនី ទួន ទិត្យសត្យា។
កីឡាករ ឆោម ចន្ទថន កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ លឹម សុខវារៈស័ក្តិ កីឡាករ ប៊ុនសាន សុនបញ្ញារិទ្ធ កីឡាករ ទូ ថានៈ កីឡាករ ឌឿន ឧត្តម កីឡាករ លឹម នរវិទូ កីឡាករ ម៉េង សុភក្ត្រា កីឡាករ សុង អង្គារ និងកីឡាករ មូល វឌ្ឍនៈ៕






