ភ្នំពេញ៖គ្រូបង្វឹក និង កីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុងចំនួន ៨ រាជធានៅខេត្ត បានចុះឈ្មោះចូលរួម ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅខេត្តកែប ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាជាតិ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុងចំនួន ៨ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកែប ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តបាត់ ដំបង ដែលមានកីឡាករ-កីឡាការិនីកីឡាទ្រីយ៉ាត្លុង ចំនួន ៨១ នាក់ ក្នុងនោះកីឡាការិនី ១២ នាក់។
លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបន្ថែមថា ការប្រកួតឆ្នាំនេះមាន ៤ វិញ្ញាសា រួមមានវិញ្ញាសា ទ្រីយ៉ាត្លុង (បុរស)៖ហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ ជិះកង់ ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ចម្ងាយ ៥ គីឡូម៉ែត្រ។ វិញ្ញាសា ឌូអាត្លុង (បុរស)៖រត់ចម្ងាយ ៥ គីឡូម៉ែត្រ ជិះកង់ចម្ងាយ ២០ គីឡូម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ ។វិញ្ញាសា អាគ័តត្លុង (បុរស)៖ហែលទឹកចម្ងាយ ៥០០ ម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ ។វិញ្ញាសា អាគ័តត្លុង (នារី)៖ហែលទឹកចម្ងាយ ៥០០ ម៉ែត្រ និងរត់ចម្ងាយ ២.៥ គីឡូម៉ែត្រ ។
បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីចូលរួមប្រមាណជា ៤,៦៨០នាក់ ដែលអញ្ជើញមកពី២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ មានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៣២ប្រភេទកីឡា លើ២៥៨ វិញ្ញាសា។

អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ បាល់ទះ កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ទូកប្រពៃណី ប្រដាល់គុនខ្មែរ ល្បុក្កតោ ប៉េតង់ រាំ វ៉ូវីណាម ប៊ីយ៉ា ជឺជិតស៊ូ ឃីកបុកស៊ីង សូហ្វតិន្នីស តេក្វាន់ដូ អុកចត្រង្គ លើកទម្ងន់ ហុកគី និងវូស៊ូ។

ដោយឡែក សម្រាប់កីឡាជាតិជនពិការមាន ១០ប្រភេទកីឡា លើ៤៦វិញ្ញាសាប្រកួត៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ កូនឃ្លីលើតុជនពិការ បាល់ទះអង្គុយ អុកជនពិការ បូស្យាជនពិការ យូដូជនពិការ លើកទម្ងន់ជនពិការ និងវាយសីជនពិការ៕
ដោយ៖លី ភីលីព



