ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអមដំណើរលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡា តេក្វាន់-ដូ ITF កម្ពុជាអញ្ជើញ ជាអធិបតីក្នុងពិធីបិទការប្រកួត ជ្រើសរើសជើងឯកកីឡាតេក្វាន់-ដូ ITF ប្រចាំខេត្តកំពង់ស្ពឺ ឆ្នាំ២០២០ នៅមណ្ឌលកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងច្បារមន ។
លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ នៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា នេះជាការប្រកួត ដើម្បីលើកកម្ពស់ និងស្ទាប់ស្ទង់សមត្ថភាព កម្រិតបច្ចេកទេស របស់កីឡាករ-កីឡាការិនី តេក្វាន់-ដូITFខេត្តកំពង់ស្ពឺ ហើយអ្វីដែលសំខាន់នោះ គឺចង់លើកទឹកចិត្ត និងចុះសួរសុខទុក្ខ របស់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ព្រមទាំងជំរុញឲ្យពួកគេ បន្តការហ្វឹកហ្វឺនបន្ថែមទៀត ។
លោកបានបន្តថា ជាពិសេសលើកទឹកអាណាព្យាបាល អត្តពលិកទំាងអស់ ដែលបានចំណាយពេលវេលាហ្វឹកហាត់ ឲ្យខិតខំថែមទៀត ចំពោះវត្តមានថា្នក់ដឹកនាំខេត្ត និងសហព័ន្ធចូលរួមនេះ គឺជំរុញឲ្យយុវជន-យុវតី ចូលរួមលេងកីឡាទំាងអស់គ្នា ដើម្បីសុខភាព ។ នេះជាចំណុចចាប់ផ្តើមពង្រឹង និងសួរសុខទុក្ខក្លិប ជាសមាជិករបស់សហព័ន្ធលើកដំបូង ដោយយើងចេញដំណើរ ពីខេត្តកំពង់ស្ពឺមុនគេ ៕ ដោយ៖លី ភីលីព