កីឡា

គ្រូបង្វឹកសកល៥នាក់ ក្នុងចំណោម២៩នាក់ ទទួលនិទ្ទេសល្អ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិត មូលដ្ឋាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជា និងលោក ទុយ វិច្ឆិកា តំណាងឲ្យលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានអញ្ជើញចូលរួមពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន កីឡាប្រដាល់សកលជាផ្លូវការ នៅទីស្នាក់ការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក្រោមជំនួយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់៤ ខែកញ្ញា ឆ្នាំ២០២០ ។

លោក ប៊ុយ សុភណ្ឌ អគ្គលេខាធិការ នៃសហព័ន្ធបាននិយាយថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋានកីឡា ប្រដាល់សកល រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ០៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងសាលហ្វឹកហាត់កីឡាប្រដាល់ ក្នុងពហុកីឡដ្ឋានជាតិ ក្រោមជំនួយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិក្ខាកាមចូលរួម សរុប ២៩ រូប ជាគ្រូបង្វឹក នៅតាមបណ្តាក្លិបកីឡាប្រដាល់សកល នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពត និងមណ្ឌលគីរី ។

លោកបានបន្តថា សម្រាប់គ្រូឧទ្ទេសមានចំនួន៣រូប ដូចជា លោក RUSSELL STUTELY គ្រូបង្វឹកប្រដាល់សកល អន្តរជាតិ បង្រៀនលើផ្នែកបច្ចេកទេស នៃការបង្វឹក លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ចឹង យ៉េយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បង្រៀនលើក្រមសីលធម៌ សម្រាប់គ្រូបង្វឹក និងកីឡាករ កីឡាការិនី និងលោកវេជ្ជបណ្ឌិត មាស វុឌ្ឍ អនុប្រធានសហព័ន្ធបង្រៀន លើផ្នែកអាហាររូបត្ថម្ភសម្រាប់កីឡាករ កីឡាការិនី។ ចំពោះលទ្ធផល នៃការវាយតម្លៃសមត្ថភាព ទទួលបានលទ្ធផលដូចតទៅ៖ និទ្ទេសល្អមានចំនួន៥រូប និទ្ទេសមធ្យមមានចំនួន២០រូប និទ្ទេសខ្សោយមានចំនួន៤រូប ។

តាមការសន្និដ្ឋានជារួមសិក្ខាកាម ទាំងអស់ បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុលផុស និងបានស្វែងយល់ បទបញ្ជាបច្ចេកទេសហ្វឹកហាត់ កីឡាប្រដាល់សកល ការរៀបចំកម្មវិធីហ្វឹកហាត់ ស្របតាមស្តង់ដាអន្តរជាតិ ការអនុវត្តផ្ទាល់ស្តីពីវិធីសាស្រ្តបង្វឹក យល់ដឹងច្បាស់ពីក្រមសីលធម៌ ក្នុងនាមជាគ្រូបង្វឹក និងសម្រាប់កីឡាករ-កីឡាការិនី ក៏ធ្នូ ជា អាហារូបត្ថម្ភសំខាន់ៗ សម្រាប់កីឡាករ-កីឡាការិនី ៕ដោយ៖លី ភីលីណ

Most Popular

To Top