ព័ត៌មានអន្តរជាតិ

ការហាមឃាត់ថ្មី របស់ឥណ្ឌាលើកម្មវិធីចិន ចំនួន ១១៨ រងការរិះគន់

ចិន៖ ក្រសួងពាណិជ្ជកម្មបាននិយាយថា ខ្លួនបានប្រឆាំងដាច់ខាត ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការហាមឃាត់កម្មវិធីចិនចំនួន ១១៨ និងជំរុញឲ្យប្រទេសជិតខាង បោះបង់ចោលសកម្មភាពបែបនេះ ប្រឆាំងនឹងសហគ្រាសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

អ្នកនាំពាក្យក្រសួង លោក Gao Feng បាននិយាយនៅក្នុងសន្និសីទ កាសែតមួយថា រដ្ឋាភិបាលឥណ្ឌាកំពុងរំលោភបំពានគំនិតនៃសន្តិសុខជាតិ និងបានអនុម័តនូវវិធានការណ៍រើសអើង និងរឹតត្បិតប្រឆាំងនឹងសហគ្រាសចិន ដែលរំលោភលើច្បាប់ អង្គការពាណិជ្ជកម្មពិភពលោក ។

លោក Gao បានបន្តថា រដ្ឋាភិបាលចិនទទូចថា ក្រុមហ៊ុនចិនទាំងអស់កំពុងប្រតិបត្តិការនៅបរទេសគោរព តាមច្បាប់អន្តរជាតិ ព្រមទាំងធ្វើការស្របតាមច្បាប់ និងបទបញ្ជា ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាល ឥណ្ឌានឹងមិនត្រឹមតែធ្វើ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់វិនិយោគិនចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កអន្តរាយដល់អតិថិជនឥណ្ឌា និងបរិយាកាសវិនិយោគទូទៅ នៅក្នុងប្រទេសផងដែរ ។
យោងតាមលោក Gao កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ លើវិស័យដូចជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមានផលប្រយោជន៍ទៅវិញទៅមកជាមួយលទ្ធផលឈ្នះឈ្នះ។ លោកសង្ឃឹមថា ប្រទេសឥណ្ឌា និងចិននឹងរួមគ្នាថែរក្សានូវកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ដែលទទួលបានជោគជ័យ និងបង្កើតបរិយាកាសអាជីវកម្មបើកចំហ និងយុត្តិធម៌សម្រាប់វិនិយោគិនអន្តរជាតិ ព្រមទំាងអ្នកផ្តល់សេវាកម្មរួមទាំងក្រុមហ៊ុនចិនផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top