ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំ SEA GAMES ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ពេលនេះមានប្រទេស ចំនួន១២ ប្រកាសទទួលយកអត្តពលិកកម្ពុជា ហ្វឹកហាត់ត្រៀម SEA GAMES ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ ។
លោកបានបន្តថា ដោយសារមេរោគCOVID-19 បានធ្វើឲ្យកម្ពុជា ត្រូវពន្យារពេលក្នុងការបញ្ជូនអត្តពលិក របស់ខ្លួន ទៅហ្វឹកហាត់នៅក្រៅប្រទេស ទោះជាយ៉ាងណាក៏ លោកបានដាក់គោលដៅទៅហ្វឹកហាត់ នៅក្រៅប្រទេសជារឿងសំខាន់ នាខែវិច្ឆិកានាចុងឆ្នាំនេះ ប្រសិន បើមេរោគ COVID-19 មានការថមថយនោះកម្ពុជា នឹងបើកយុទ្ធនាករបញ្ជូន អត្តពលិកចេញទៅហ្វឹកហាត់ នៅក្រៅប្រទេស ក្នុងទ្រង់ទ្រាយធំតែម្ដង ។
លោកអគ្គលេខាធិកបានបន្ថែមទៀតថា ក្នុងករណីអ្វីៗនៅមិនទាន់ឈាន ទៅរកភាពប្រក្រតី ដូចដើមទេនោះ ដើមឆ្នាំ២០២១កម្ពុជា នឹងត្រូវបង្ខំចិត្តបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេសដូចជា ចិន កូរេ ជប៉ុន ថៃ វៀតណាម បណ្ដាប្រទេសមួយចំនួន នៅទ្វីបអាស៊ី អឺរុប និងអាមេរិក ហើយគេស្ម័គ្រចិត្តទទួល យកកីឡាករ-កីឡាការិនីកម្ពុជា ទៅហ្វឹកហាត់ ។
កីឡាករ-កីឡាការិនីកម្ពុជាត្រៀមខ្លួន ចេញទៅហ្វឹកហាត់នៅក្រៅ ប្រទេសមានចំនួន១១០នាក់ ចំណែកការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅ ប្រទេសវៀតណាម ទីក្រុងហាណូយនោះជាការប្រកួត ចុងក្រោយមុនឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយឆ្នាំ២០២១នេះដែរក៏ជាឆ្នាំកម្ពុជាពិនិត្យមើលចុងក្រោយ ពីសមត្ថភាពអត្តពលិករបស់ខ្លួន ក៏ដូចជាការពិនិត្យមើលពីមន្ត្រី របច្ចេកទេសរបស់ខ្លួនជាលើកចុងក្រោយដែរ ។
កម្ពុជាមានប្រភេទកីឡា ដែលមានសក្ដានុពល ជាច្រើនដូចជាប៉េតង់ ចំបាប់ វូស៊ូ វ៉ូវីណាម តេក្វាន់ដូ សូហ្វតិន្នីស វាយកូនបាល់ វាយសី និងប្រភេទកីឡាជាទៀត ។ មិនតែប៉ុណ្ណោះប្រភេទកីឡាមួយចំនួនកន្លង មកពុំធ្លាប់ប្រជែងបានមេដាយនោះក៏កំពុង តែធ្វើឲ្យបណ្ដាប្រទេស ក្នុងតំបន់ចាប់ អារម្មណ៍ខ្លាំងណាស់ដែរ ។
ប្រភេទកីឡាបាល់ទាត់ពេលនេះ ក៏កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់ល្អ ពិសេសកីឡាករវ័យក្មេងៗ ដែលបណ្ដុះបណ្ដាលចេញ ពីសាលាបាល់ទាត់ជាតិបាទី បាល់ទះ បាល់បោះកំពុងតែបង្ហាញ ពីភាពខ្លាំង និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយខែទៅមួយខែ ព្រមទាំងពីមួយឆ្នាំទៅមួយឆ្នាំ ៕