រដ្ឋកាលីហ្វ័រញ៉ា ៖ រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក កំពុងញាំញីដោយសីតុណ្ហភាព គំរាមកំហែងដល់អាយុជីវិត និងភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន ព្រមទំាងគ្រប់ដណ្តប់ ដោយអណ្តាតភ្លើងឆាបឆេះជាង ២លានហិចតា ចាប់តាំងពីខែសីហា បង្កើតបានជាពពកភ្លើងមានរូបរាងដូចរុក្ខជាតិផ្សិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ភ្លើងឆេះព្រៃបានឆាបឆេះកន្លងមក នៅតំបន់ព្រៃព្រៃជាតិ Sierra “Sierra National Forest,” ដោយបានដុតបំផ្លាញផ្ទៃដី ជាង ១៥០,០០០ ហិចតា និងបង្កើតជាពពកភ្លើងដ៏ធំមួយ តាមការមើលឃើញពីទីអវកាស ។ ផ្កាយរណបរដ្ឋបាលជាតិ មហាសមុទ្រ និងបរិយាកាស (NOAA) បានចាប់យករូបពពកផ្សែង យ៉ាងក្រាស់មានកម្ពស់ជិត១៤គីឡូម៉ែត្រ ពីលើតំបន់។
បាតុភូតនេះបង្កើតឡើង ពីកម្ដៅខ្លាំងបញ្ចេញដោយអណ្តាតភ្លើងលាយជាមួយសំណើម នៅក្នុងបរិយាកាសបណ្តាល ឲ្យមានពពកដ៏ធំ ដែលបង្កើតជាព្យុះផ្គររន្ទះផងដែរ។ នាយកដ្ឋានពន្លត់អគ្គីភ័យ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា បានប្រយុទ្ធនឹងភ្លើងឆេះព្រៃជាង ៩០០ កន្លែង ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ។
ភាគច្រើនត្រូវបានបង្កឡើងដោយ សីតុណ្ហភាពបំបែកឯតទគ្គកម្ម និងលក្ខខណ្ឌអាកាសធាតុប្លែកៗរួម ទាំងការប្រមូលផ្តុំរន្ទះរាប់ពាន់ នៅក្នុងតំបន់ផ្សេងៗគ្នា។ អគ្គិភ័យថ្មីចំនួន ៥ ត្រូវបានគេរកឃើញកាលពីចុងសប្តាហ៍ ដែលបានឆេះអស់ជាង ១០០,០០០ ហិចតា ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ៕ដោយ៖លី ភីលីព